ខេត្តកំពង់ចាម៖ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន! បានធ្វេីឱ្យបុរសញៀនថ្នាំម្នាក់ លែងស្គាល់បងប្អូនសាច់ញាតិ ដល់ថ្នាក់ធ្វើសកម្មភាពអារកសម្លាប់ និងដុតផ្ទះ បណ្ដាលឱ្យស្លាប់មនុស្សចំនួន០៩នាក់ យ៉ាងអាណោចអាធម៍ខ្លាំងណាស់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅចំណុចភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋមានករណីឃាតកម្ម (អារកសម្លាប់និងដុតផ្ទះ) បណ្ដាលឲ្យស្លាប់មនុស្សចំនួន០៩នាក់ នៅចំណុចភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជនដៃដល់ ឈ្មោះ សុបិន្ដ មិនា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅទីតាំងកេីតហេតុខាងលេីនេះ ត្រូវបានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន។
ចំណែកជនរងគ្រោះឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ស៊ុន ស្រឿង ភេទស្រី អាយុ៦៧ឆ្នាំ ,២.ឈ្មោះ ណាត នាត ភេទស្រី អាយុ២១ឆ្នាំ ,៣.ឈ្មោះ តាំង លី ភេទស្រី អាយុ២០ឆ្នាំ ,៤.ឈ្មោះ វិសាល ភេទស្រី អាយុ១៤ឆ្នាំ,៥.ឈ្មោះ តា ភេទប្រុស អាយុ១៣ឆ្នាំ ,៦.ឈ្មោះ តាន ភេទស្រី អាយុ១១ឆ្នាំ ,៧.ឈ្មោះ ដាក់ ភេទប្រុស អាយុ៧ឆ្នាំ , ៨.ឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុ៧ឆ្នាំ , ៩.ឈ្មោះ សម្ផស្ស ភេទស្រី អាយុ៥ឆ្នាំ ។
យោងតាមប្រភពព័ត៍មានពីពីកន្លែងកេីតហេតុ បានឱ្យដឹងថា បានដុតសម្លាប់សាច់ញាតិចំនួន ៨នាក់ និងសម្លាប់អ្នកមករាំងផ្លូវម្នាក់ទៀត យ៉ាងអាណោចអាធម៍ខ្លាំងណាស់។
ហេតុការណ៍សមត្ថកិច្ចជំនាញខេត្ត បានបញ្ជាក់ថា មូលហេតុដោយសាររឿងគំនុំ ។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញ បើកការអង្កេតស្រាវជ្រាវរកស្វែងរកជនល្មើស និងបានឃាត់ខ្លួនយកមកសាកសួរ ដើម្បីអនុវត្តតាមនីតិវិធីផងដែរ៕

ដោយ៖ វណ្ណៈ










