ថៃ៖ រឿងអាស្រូវមួយទៀតហើយ បានផ្ទុះឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ និងឈានដល់ការដកបញ្ឈរជើងមេគុកក្រុងបាងកក។ ខណៈប្រទេសថៃ បានបន្តរកឃើញថា ក្រៅពីមេគុកក្រុងបាងកកនោះហើយ ក៏មានមន្ត្រីពន្ធនាគាររហូតដល់ទៅ ២០នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវគុក VIP សម្រាប់ជនជាតិចិននិងការរៀបចំសេវាកម្មនាំនារីរកស៊ីផ្លូវទៅឲ្យជនជាតិចិនទាំងនោះ។ ដូច្នេះមន្ត្រីទាំង២០កំពុងត្រូវស៊ើបអង្កេត និងប្រឈមផ្អាកការងារឬបណ្តេញចេញតែម្តង។
យោងតាមការចុះផ្សាយរបស់ Amarin នៅថ្ងៃចន្ទទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិយាយថា លុះការស៊ើបអង្កេតបានច្រើនថ្ងៃពីសំណាក់អង្គភាពស៊ើបអង្កេតពិសេស, គណៈកម្មាធិការស្វែងរកការពិតរបស់នាយកដ្ឋានពន្ធនាគារ និងវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ ក៏រកឃើញថា មន្រ្តីជាប់ពាក់ព័ន្ធដែលសមគំនិតគ្នាក្នុងករណីនេះ មានរហូតដល់ទៅ២០នាក់ ឬអាចច្រើនជាងនេះទៀត។
សារព័ត៌មាន Amarin បានចុះផ្សាយថា អង្គភាពទាំង៣បានរកឃើញបន្ទប់សង្ងាត់មួយនៅក្រោមជណ្តើរពន្ធនាគារ និងឆែកមើលកំណត់ត្រាមន្ត្រីពាក់ព័ន្ធទាំងអស់ ដូចជាប្រវត្តិផ្ទេរប្រាក់និងការធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ។
ជាបឋមក្រុមអ្នកស៊ើបអង្កេតបានរកឃើញព័ស្តុតាងនៃស្រ្តីជនជាតិចិនចូលទៅក្នុងពន្ធនាគារ ដោយសង្ស័យថា ទៅផ្តល់សេវាផ្លូវភេទដល់ទណ្ឌិត ហើយនៅក្នុងបន្ទប់សង្ងាត់ក្រុមមន្ត្រីបានរកឃើញស្រោមអនាម័យ, ខោអាវក្នុងស្ត្រី, ក្រដាសជូតមាត់មានស្នាមប្រឡាក់, ដានវត្ថុរាវនៅលើសាឡុង, ថ្នាំជក់និង គ្រឿងស្រវឹង។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរថៃប្រកាសថា ពួកគេនឹងស៊ើបអង្កេតជាបន្ត ហើយរកព័ស្តុតាងឲ្យបាន ដើម្បីចាប់ខ្លួនមន្ត្រីបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ៕ដោយ៖តារា











