ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃទី២៦ តាមគណនី បណ្តាញសង្គម WEIBO របស់ខ្លួនថា ក្រោមការសហប្រឹងប្រែងរបស់ភាគីចិន និងកម្ពុជា លោក លី យីហឹង ជាជនជាតិចិនម្នាក់ដែលបានបាត់ខ្លួននៅកម្ពុជា ត្រូវបានរកឃើញ និងជួយសង្គ្រោះដោយជោគជ័យ ហើយបានមកដល់ស្ថានទូតចិនប្រចាំកម្ពុជាហើយ។
ស្ថានទូតក៏កំពុងរៀបចំឯកសារសម្រាប់ឱ្យលោក លី យីហឹង ត្រឡប់ទៅប្រទេសវិញ។
ស្ថានទូតចិនប្រចាំកម្ពុជា បន្ដរំលឹកដល់ជនជាតិចិនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានជ្រើសរើសបុគ្គលិក ដូចជា “ការងារប្រាក់ខែខ្ពស់” ឬ “ការងាររកលុយងាយស្រួល”ដើម្បីជៀសវាងការត្រូវបន្លំ និង ការគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា ពីរបីថ្ងៃចុងក្រោយនេះ បណ្តាញសង្គមចិនបានផ្ទុះព័ត៌មានពាក់ព័ន្ធនឹងលោក លី យីហឹង (Li Yiheng) ដែលជាប្អូនជីដូនមួយរបស់តារាចិន ថុង ជួ (Tong Zhuo) ដោយមានសារផ្សព្វផ្សាយថា លោកត្រូវបានបាត់ខ្លួននៅកម្ពុជា៕
ដោយ៖តារា










