ភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះសម្ភារៈនៅក្នុងអគារោងចក្រកាត់ដេរ១កន្លែង នៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា តាមមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាង លើ មានកម្មករកម្មការិនីទៅដល់បណ្ដើរៗហើយ ប៉ុន្តែរោងចក្រនេះនៅពុំទាន់ដល់ម៉ោងត្រូវបើកទ្វារឲ្យចូលធ្វើការនៅឡើយ ហើយក៏ស្រាប់តែមានភ្លើងឆាបឆេះឡើងសន្ធោសន្ធៅនៅខាងក្នុងអគាររោងចក្រតែម្ដង ។ ខណៈនោះក្រុមសន្តិសុខដែលយាមនៅទីនោះបាននាំគ្នាវាយផ្ដាច់សោទ្វារអគាររោងចក្រមួយសន្ទុះទើបរបើក រួចនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតរលត់ទៅវិញ ចំណែកកម្មករខ្លះបានជួយជញ្ជូនម៉ាស៊ីនដេរចេញក្រៅអគារបានច្រើនគ្រឿងផងដែរ ដើម្បីគេចចេញពីចំណីព្រះអគ្គិ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងបន្តទៀតថា នៅពេលទទួលបានដំណឹងពីការឆាបឆេះនេះភ្លាមសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យទៅដល់ជាបន្តបន្ទាប់ភ្លាមៗដែរ ។ ប៉ុន្តែការឆាបឆេះនោះមានទ្រង់ទ្រាយតូចទើបតែចាប់ ផ្ដើមឆេះនៅឡើយ ហើយត្រូវបានក្រុមសន្តិសុខបានពន្លត់ភ្លើងរលត់មុនពេពេលដែររថយន្តពន្លត់អគ្គិភ័យទៅដល់ ទៅទៀត ។
សមត្ថកិច្ចខាងលើបានបញ្ជាក់ផងដែរថា គ្រាន់តែចូលដល់ខែធ្នូមិនទាន់បាន១ថ្ងៃផងក៏មានឧប្បត្តហេតិបែបនេះកើតឡើង ប៉ុន្តែសំណាងហើយដែលឆេះភ្លាមដឹងភ្លាមនិងពន្លត់បានទាន់ពេលភ្លាមៗ ប្រសិនបើដឹងយឺតពន្លត់អត់ទាន់នោះប្រាកដជាពុំឆេះតែអគារ១នេះទេ អាចនិងឆេះរាលដល់ច្រើនអគារទៀតមិនខានឡើយ ។
នៅក្រោយពេលពន្លត់ភ្លើងរលត់ ខាងរោងចក្រមិនបានអនុញ្ញាតឲ្យកម្មករកម្មការិនីចូលធ្វើការភ្លាមៗនោះទេ ព្រោះនៅមានផ្សែងខ្លាំងពេញក្នុងអគារ កម្មករបានឈររង់ចាំត្រៀបត្រានៅជិតរោងចក្រ រហូតស្ងប់ស្ងាតលែងមានផ្សែងទើបឲ្យចូលធ្វើការជាធម្មតា ៕










