ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រនិងអាណាចក្រ ដើរទន្ទឹមគ្នាមិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ការមានប្រសាសន៍ បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០២៥ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់កុដថ្មី ១ខ្នង បណ្តោយ ២១ម៉ែត្រ ទទឹង ១១ម៉ែត្រ មាន ៥បន្ទប់ ស្ថិតនៅវត្តសាមគ្គីមុនីរតន៍ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូចៅអធិការនិងភិក្ខុសង្ឃក្នុងវត្ត លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកអនុប្រធានការិយាល័យសង្គមកិច្ចក្រុង មហាឧបាសក មហាឧបាសិកា លោកចៅសង្កាត់ព្រៃអង្គុញ លោកគ្រូអាចារ្យ គណៈកម្មការ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្ត។
លោក អភិបាល ក្រុងបាវិត បានបន្តថា ជាក់ស្តែងក្នុងការពិធីបញ្ចុះបឋមសិលាសាងសង់កុដថ្មី ១ខ្នង បណ្តោយ ២១ម៉ែត្រ ទទឹង ១១ម៉ែត្រ មាន ៥បន្ទប់ ស្ថិតនៅវត្តសាមគ្គីមុនីរតន៍នេះឡើងបាន ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព មានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ លើវិស័យព្រះពុទ្ធសាសនា ហើយបានបន្តជំរុញឱ្យមានការអភិវឌ្ឍ ដើរទន្ទឹមគ្នារវាងអាណាចក្រ និងពុទ្ធចក្រ ព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរព ប្រណិប័តន៍ ក្នុងនោះការចូលរួមពីសប្បុរសជន ញាតិមិត្តជិតឆ្ងាយ បានរួមគ្នាសាងសង់សមិទ្ធផលនេះ និងសមិទ្ធផលនានាក្នុងវត្តសាមគ្គីមុនីរតន៍ដើម្បីទុកជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ផងដែរ។










