ខេត្តសៀមរាប៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ, បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោក សៀង សុខ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ជំនួស ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាង លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោកជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, លោកប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោកអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង, ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត។
ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីក្របខណ្ឌគោលនយោបាយ ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមមានការកែទម្រង់ប្រព័ន្ធតុលាការ និងការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ដូចតទៅ៖
១- ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
២- ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។
៣-ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ ចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។
៤- ត្រូវបន្តចូលរួមឱ្យបានកាន់តែសកម្ម និងស្វាហាប់ ក៏ដូចជាផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ក្នុងការអនុវត្តយុទ្ធនាការទាំង ២ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
៥- ព្រះរាជអាជ្ញា ត្រូវក្តាប់ឱ្យបាននូវនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណែកឯ ចៅក្រមត្រូវផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់ស្របតាមបន្ទាត់នយោបាយព្រហ្មទណ្ឌ។
៦- ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
៧- ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ លោកអភិបាល នៃគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, អាជ្ញាធរដែនដី, មន្ទីរ, អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅក្នុងការដោះស្រាយបញ្ហា ក៏ដូចជាដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ នាពេលកន្លងមក ៕
ដោយ ៖ សិលា










