ភ្នំពេញ÷ ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការ សង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ខាងលើ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។
ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាមចំនួន២៧នាក់ ( ស្រ្តី០៦នាក់) និងបុរសជនជាតិខ្មែរចំនួន០១នាក់។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន monitor ចំនួន ៣៩គ្រឿង, CPU ចំនួន ១១គ្រឿង, ទូរសព្ទចំនួន ១០០ គ្រឿង និងស៊ីមកាតមួយចំនួនទៀតផងដែរ។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕










