ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ យកញញួរវាយក្បាលគេ២ញញួររបួសយ៉ាងដំណំ រួចវាយក្បាលខ្លួនឯងបន្ថែមទៀត ទីបំផុតត្រូវបាននគរបាលស្រុកកៀនស្វាយចាប់ខ្លួន។ ករណីនេះ បានកើតឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣និង២៥នាទី នៅចំណុច: ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ូ ពន្លឺ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ចំណែកជនសង្ស័យឈ្មោះ ស៊ុយ ចែត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន មានស្រុកកំណើតភូមិលោរខ្លាញ់ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់បណ្តាអាសន្នផ្ទះជួលក្នុងសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ជនសង្ស័យយកញញួរវាយក្បាលខ្លួនឯងបណ្តាលឲ្យរបួសស្នាមចំពាក់កណ្តាលក្បាលដេរ៥ថ្នេរ
-ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយះពេល១ឆ្នាំ លទ្ធផលតេស្តសារធាតុញៀន(+)វិជ្ជមាន ។វត្ថុតាងចាប់យក: ១. ញញួរ១ ផ្លែដែកដងដែក ប្រវែង35CM ទម្ងន់១គីឡូ ,២. ម៉ូតូ១គ្រឿងម៉ាក Yamaha M-Slaz ពណ៌ទឹកប៊ិច ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ-1KB-9054។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលាងម៉ូតូមួយគ្រឿងនៅតូបជួសជុលម៉ូតូរបស់ឈ្មោះ រស់ សុខណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ពេលនោះជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាក YAMAHA M-SLAZ ពណ៌ទឹកប៊ិច ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ-1KB-9045 ពីអ្នកលឿងទៅភ្នំពេញ ពេលមកដល់ចំនុចកើតហេតុជនសង្ស័យបានឈប់ម៉ូតូចូលសុំកន្លែងជួសជុលម៉ូតូដើម្បីសម្រាកមួយសន្ទុះ ពេលនោះជនរងគ្រោះបានប្រាប់ឲ្យជនសង្ស័យទៅសម្រាកនៅក្រោមដើមស្វាយ ក្បែរកន្លែងជួសជុលម៉ូតូ តែជនសង្ស័យមិនព្រមទៅទេ ភ្លាមនោះជនសង្ស័យខឹងបានចុះពីលើម៉ូតូដើរទៅយកញញួរមកវាយជនរងគ្រោះពីក្រោយត្រូវចំក្បាលខាងក្រោយផ្នែកខាងឆ្វេងចំនួន២ញញួរ បណ្តាលឲ្យរបួសស្នាមដេរ៣ថ្នេរ បន្ទាប់មកជនសង្ស័យបានយកញញួរវាយក្បាលខ្លួនឯងជាច្រើនញញួរត្រូវចំពាក់កណ្តាលក្បាល បណ្តាលឲ្យរបួសស្នាមដេរប្រាំថ្នេរ ឃើញដូចនេះឈ្មោះ រស់ សុខណា ភេទប្រុស និងអ្នកជិតខាងបានជួយចាប់ឃាត់ជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍នគរបាលសំរោងធំ នឹងដាក់ពាក្យបណ្តឹង រីឯជនសង្ស័យយកមកប៉ុស្តិ៍សាកសួរ នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា: ខ្លួនបានយកញញួរវាយទៅលើជនរងគ្រោះមែន មូលហេតុខឹងជនរងគ្រោះអោយខ្លួនទៅសម្រាកនៅក្រោមដើមស្វាយ ។
ជនសង្ស័យមានវិបត្តិប្រពន្ធរត់ចោល នឹងញៀនគ្រឿងញៀន ។
ក្រោយពីធ្វេីការសាកសួររួច កម្លាំងជំនាញសុំគោលការណ៍មេឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅអធិការនគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕










