Update៖​ ឯកអគ្គរដ្ឋទូតឆែក ក្នុងជំនួបជាមួយសម្ដេចតេជោ​ ហ៊ុន​ សែន​ សន្យាជំរុញទំនាក់ទំនងពាណិជ្ជកម្មវាងកម្ពុជា និងឆែកឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតឆែកប្រចាំ​នៅ​កម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានសន្យាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឲ្យមានភាពរីកចម្រើន និងល្អប្រសើរជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែក។​ ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទី អនុញ្ញាតឱ្យលោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតឆែកប្រចាំ​នៅ​កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រី Marketa Kolc Hajkova និងសហការី ហើយសម្ដេចបានចាត់ទុកវត្តមានរបស់លោកស្រីជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដែលមានការតែងតាំងថ្មីដ៏ឆាប់រហ័សនេះ គឺបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែក មកកាន់ប្រទេសកម្ពុជា ពោលគឺទំនាក់ទំនងរវាងកម្ពុជា និងឆែកតែម្ដង។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា និងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសនេះដែលជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាសនោះ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតឆែកប្រចាំ​នៅ​កម្ពុជា បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការីចូលជួបនិងសម្ដែងការគួរសម ក្នុងឱកាសនេះ។

លោកស្រី Marketa Kolc Hajkova បានលើកឡើងថា ក្នុងអាណត្តិដែលលោកស្រី ធ្វើជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឲ្យមានភាពរីកចម្រើន និងល្អប្រសើរ ពោលជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែកឲ្យកាន់តែរីកចម្រើន។ ជាពិសេស លោកស្រី​ នឹងប្រឹងប្រែងកៀងគរអ្នកវិនិយោគ នៅក្នុងសាធារណរដ្ឋឆែកឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីស្វេងរកឱកាសក្នុងការវិនិយោគ។

លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងប្រាប់សម្ដេចតេជោថា នាពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគទៅលើកសិកម្ម គឺម្រេចនៅកម្ពុជា។ លោកស្រី បានរំលេចថា នៅក្នុងខួបឱកាសខួប ៧៥ លោកស្រី​នឹងខិតខំ ពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកកាន់កម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី ហើយសម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នា ឲ្យវាសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ។

...

សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅតែពីដៃគូរទំនាក់ទំនងការងាររវាងកម្ពុជា និងឆែក ប្រទេសទាំងពីរក៏ក្នុងក្របខណ្ឌនៃសមាជិកអាស៊ាន ឯសាធារណរដ្ឋឆែកនៅក្នុងសាធារណរដ្ឋអឺរ៉ុប។ ដូច្នេះសក្ដានុពលទាំងទ្វេរភាគី និងពហុភាគី គឺអាចធ្វើជាមួយគ្នាច្រើន នឹងអាចញ៉ាំងផ្លែផ្កាដល់តំបន់ទាំងពីរផង និយាយជារួមអាចផ្ដល់ផលប្រយោជន៍ទាំងសងខាង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print