ដើម្បីរំដោះចិញ្ចើមផ្លូវជាតិលេខ១​ រដ្ឋបាលខណ្ឌច្បារអំពៅ ជូនដំណឹងទុកឱ​សាន​វាទរយៈពេល៧ថ្ងៃ​ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ននេះយើង​សង្កេតឃេីញថា​ កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានខណ្ឌនីមួយៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ បាននឹងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងរំដោះចិញ្ចើមផ្លូវសំខាន់ៗ ដើម្បីឱ្យមានរបៀបរៀបរយក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែងរដ្ឋបាលខណ្ឌច្បារអំពៅ ដែលជាខណ្ឌមួយ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ​ បានបន្តចុះ​អនុវត្ត​ធ្វើការរៀបចំនូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានកាន់តែល្អប្រសើរឡើង​ ទៅតាមតំបន់សំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសដងផ្លូវអាទិភាព។

លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានប្រាប់ឲ្យដឹងថា កិច្ចការងាររៀបចំសណ្តាប់ធ្នាប់លើដងផ្លូវដើម្បីសោភ័ណ្ឌភាព ពិសេសការរំដោះចិញ្ចើមផ្លូវទុកសម្រាប់ឲ្យពលរដ្ឋថ្មើរជើងបាន គឺទាមទារការចូលរួមខ្ពស់ណាស់ ពីបណ្តាអ្នកពាក់ព័ន្ធ ពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង។

លោក​ ជ ចាន់ស៊ាង​ បន្ថែមថាបច្ចុប្បន្ននេះ រដ្ឋបាលខណ្ឌកំពុងអនុវត្តលើផ្លូវជាតិលេខ១ ដែលជាផ្លូវអាទិភាពមុនគេបង្អស់ក្នុងមូលដ្ឋានខណ្ឌ ដែលចាំបាច់ត្រូវរៀបចំ ប៉ុន្តែមុនឈានដល់ការចុះអនុវត្ត រដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹង និងចុះជម្រាបប្រជាពលរដ្ឋដោយផ្ទាល់មាត់ និងលាយលក្ខ័អក្សរផងដែរ ដើម្បីឲ្យពួកគាត់មានការចូលរួម។

លោកស្រី ផាន់ ណា ជាប្រជាពលរដ្ឋ រីករាយក្នុងការចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ និងដងផ្លូវសាធារណៈ ព្រោះពួកគាត់ ក៏ចង់បានផ្លូវធំទូលាយស្អាតល្អ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបមុខរបររកស៊ីទទួលទានជាដើម ពិសេសគឺចង់បានទីក្រុងមានសោភ័ណ្ឌភាព និងរបៀបរៀបរយខ្ពស់ផងដែរ។

...

គួររំលឹកថាទាក់ទិននឹង បញ្ហាសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈនេះដែរ កាលពីពេលកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការក្រើនរំលឹកខ្ពស់ទៅកាន់អាជ្ញាធរទាំង១៤ខណ្ឌ និងផ្សាររដ្ឋទាំង២៥ ឲ្យបន្តការយកចិត្តទុកដាក់រៀបចំឲ្យបានស្អាតល្អ ធានាភាពល្អប្រសើរ ពិសេសការងាររំដោះចិញ្ចើមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ទុកសម្រាប់ការថ្មើរជើង គឺត្រូវតែអនុវត្តឲ្យមានប្រសិទ្ធិភាព៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print