ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។
ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា បានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៥នេះថា បងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ និងទទួលបានប្រាក់ឈ្នួលសមរម្យ រួមទាំងអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គមផ្សេងៗទៀតផងដែរ ខណៈដែលការចំណាយប្រចាំថ្ងៃតិចជាងនៅប្រទេសថៃ ដែលជួយយ៉ាងច្រើនលើការសន្សំសំចៃរបស់បងប្អូនប្រជាពលរដ្ឋ»។
បន្ថែមពីនេះ លោកបានរំលឹកផងដែរថានៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ខាងមុខនេះក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោក ស៊ុន មេសា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះបងប្អូនក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕

ដោយ៖តារា










