ខេត្តសៀមរាប៖ ជនជាតិកូរ៉េម្នាក់រងរបួសធ្ងន់ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ៊ីយ៉ាន់ដាយដឹកដែកមួយគ្រឿងសង្ស័យដឹកលើសទម្ងន់បានបុករថយន្ដកាមរីឆ្លាមខូចខ្ទេចខ្ទីអស់ និងរបួស(ជនជាតិកូរ៉េ) ម្នាក់ត្រូវបាន ដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាលអង្គរខេត្តសៀមរាបភ្លាមៗ ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខមណ្ឌលសុខភាពកំពង់ក្តី ស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីរថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ធំ 3A:1492 បើកបរ ដោយបុរស ម្នាក់ឈ្មោះ ហឿង សុខធន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើកពីកើតទៅលិចលុះដល់ចំណុចកើតហេតុ រថយន្តបានចូលផ្លូវរថយន្តកាមរីទើបបណ្ដាលឲ្យបុកគ្នាពេញទំហឹង ចំណែកជនរងគ្រោះ មានឈ្មោះ ឃីម ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េ បើករថយន្តកាមរីឆ្លាម ពាក់ស្លាក លេខភ្នំពេញ 2K-6912 បើកពីលិចទៅកើត ខូចខាតមួយកំណាត់មុខទាំងស្រុង។
ក្រោយពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ សមត្ថកិច្ចបានធ្វើការវាស់វែងរួចនាំយករថយន្តទាំង ០២គ្រឿងបាន យកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំភាគី ទាំងសងខាង ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី