ពាណិជ្ជករសិង្ហបុរីបីនាក់បានជាប់ឈ្មោះក្នុងចំណោមស្ត្រីដែលមានឥទ្ធិពលបំផុតទាំង100នាក់របស់ពិភពលោកក្នុងឆ្នាំ 2025 ដោយទស្សនាវដ្ដី Forbes របស់អាមេរិក។
Tan Su Shan នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់ប្រាក់កម្ចី DBS Group បានជាប់ចំណាត់ថ្នាក់ទី 29 នៅក្នុងបញ្ជី។ លោកស្រីគឺជាស្ត្រីដំបូងគេដែលដឹកនាំ DBS ដែលជាធនាគារធំជាងគេនៅអាស៊ីអាគ្នេយ៍។
ក្នុងវ័យ 57 ឆ្នាំ លោកស្រីបានចូលកាន់តំណែងកំពូលនៅក្នុងខែមីនាដោយបន្តពីអតីតនាយកប្រតិបត្តិ Piyush Gupta នេះបើយោងតាមកាសែត The Business Times ។
មុនពេលចូលកាន់តំណែងជានាយកប្រតិបត្តិ លោកស្រីបានមើលការខុសត្រូវលើស្ថាប័នចំនួនបី ដែលរួមគ្នាបង្កើតបានប្រហែល 90% នៃប្រាក់ចំណូលរបស់ធនាគារDBS។
DBS មានបុគ្គលិកជាង 38,000 នាក់ និងប្រតិបត្តិការនៅក្នុងទីផ្សារចំនួន 19 ដោយគ្រប់គ្រងទ្រព្យសម្បត្តិដែលមានតម្លៃជាង 600 ពាន់លានដុល្លារអាមេរិក។ Forbes បានកត់សម្គាល់ថាលោកស្រី Tan ត្រូវបានទទួលស្គាល់សម្រាប់យុទ្ធសាស្រ្ត “ឌីជីថលដំបូង” របស់លោកស្រី ហើយកំពុងជំរុញវិធីសាស្រ្តថ្មីដែលរួមបញ្ចូល AI និង blockchain ជាមួយនឹងការទុកចិត្តបែបប្រពៃណី និងក្របខ័ណ្ឌសុវត្ថិភាពនៅទូទាំងធនាគារ។
ស្រីខ្លងទីពីរគឺHo Ching អាយុ 72 ឆ្នាំ ជាប្រធានក្រុមហ៊ុន Temasek Trust បានឈរនៅលំដាប់ទី 34 ក្នុងបញ្ជីពិភពលោក។
លោកស្រីHo បានចាប់ផ្តើមកាន់តំណែងជានាយកក្រុមហ៊ុន Temasek Holdings ក្នុងឆ្នាំ 2002 មុនពេលកាន់តួនាទីបច្ចុប្បន្នជាប្រធានក្រុមហ៊ុន Temasek Trust ក្នុងឆ្នាំ 2022។ លោកស្រីក៏ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ផងដែរ។
លោកស្រីត្រូវបានគេរាយការណ៍ថាក្នុងចំណោមស្ត្រីតែបួននាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួនក្នុងបញ្ជី Forbes ជារៀងរាល់ឆ្នាំចាប់តាំងពីវាត្រូវបានបង្កើតឡើង រួមជាមួយនឹងលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប និងសប្បុរសជនអាមេរិក Melinda Gates ។
ជនជាតិសិង្ហបុរីទីបីនៅក្នុងបញ្ជីគឺ Jenny Lee អាយុ 53 ឆ្នាំ ដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនបណ្តាក់ទុនអាស៊ី Granite Asia ដែលជាប់ចំណាត់ថ្នាក់ទី 96 លើសកលលោក។ លោកស្រីបានបង្កើតភាពជាដៃគូ GGV Capital Asia ក្នុងឆ្នាំ 2005 ដែលចាប់តាំងពីពេលនោះមកត្រូវបានប្តូរឈ្មោះទៅជា Granite Asia ។
លោកស្រីLee ដែលជាប់ចំណាត់ថ្នាក់ទី 86 ក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលបំផុតទាំង 100 របស់ពិភពលោកឆ្នាំ 2019 របស់ទស្សនាវដ្ដី Forbes ពីមុនធ្លាប់ធ្វើការជាសហការីនៅ Morgan Stanley និងជាអនុប្រធាននៅក្រុមហ៊ុនបណ្តាក់ទុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Jafco Asia ។ លោកស្រីក៏បម្រើការនៅលើក្រុមប្រឹក្សាភិបាលជាច្រើននៅក្នុងប្រទេសសិង្ហបុរីផងដែរ រួមមាន Temasek សាលាវេជ្ជសាស្ត្រ Duke-NUS និងសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ។
ទស្សនាវដ្ដី Forbes បាននិយាយថា ស្ត្រីដែលបានជ្រើសរើសសម្រាប់បញ្ជីឆ្នាំ 2025 រួមត្រួតពិនិត្យប្រាក់ចំណូលជាង 4.9 ពាន់ពាន់លានដុល្លារ ផ្តល់ការងារដល់មនុស្សជាង 9.3 លាននាក់ និងមានឥទ្ធិពលនៅទូទាំងប្រទេសដែលតំណាងឱ្យច្រើនជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបពិភពលោក៕










