ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៥ នេះថា ជនសង្ស័យម្នាក់ដែលទើបនឹងចេញពីពន្ធនាគារ ហើយមានសារធាតុញៀនក្នុងខ្លួនផងនោះ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពដ៏ហួសចិត្ត ដោយដើរលួចកោដ្ឋដាក់ធាតុរបស់អ្នកភូមិយកទៅបោកកម្ទេចចោល ដើម្បីរាវរកលុយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៥៣នាទី ថ្ងៃទី១២ ធ្នូ ២០២៥ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ពៅ តុលា ហៅតុ ភេទប្រុស អាយុ ២៣ឆ្នាំ មុខ របរមិនពិតប្រាកដ ទីលំនៅភូមិ-ឃុំកើតហេតុ (ពិនិត្យទឹកនោមមានសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ២ឆ្នាំ ករណីលួចទុយោបូមទឹក)។ ចំណែកឯជនរងគ្រោះមាន ២នាក់ ទី១-ឈ្មោះ វី ស្រីឡែន ភេទ ស្រី អាយុ ៣១ឆ្នាំនិងទី២-ឈ្មោះ មឹម នី ភេទ ស្រី អាយុ ៥០ឆ្នាំ អ្នកទាំងពីររស់នៅភូមិសង្កាត់កើតហេតុ។
លោកអធិការក្រុង បានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចកោដ្ឋដាក់ធាតុរបស់ជនរងគ្រោះ រួចយកទៅបោកឱ្យបែកនៅនឹងកន្លែង ដើម្បីយកលុយដែលគេដាក់ក្នុងនោះ។ ក្រោយពីឃើញសភាពបែបនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីឲ្យជួយអន្តរាគមន៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង។
លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុមានកម្ទេចកោដ្ឋដាក់ឆ្អឹងមួយចំនួនដែលត្រូវជនសង្ស័យបោកបំបែក។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដើរលួចកោដ្ឋដើម្បីបោកបំបែកយកលុយពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










