ខេត្តបន្ទាយមានជ័យ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតាមបណ្តាមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងបេសកម្មចុះពិនិត្យតាមបណ្តាមណ្ឌលសុវត្ថិភាព លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាពជាក់ស្តែង មានគោលបំណងដើម្បីសម្របសម្រួល និងដោះស្រាយពីតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក។
អំឡុងពេលចុះពិនិត្យ លោកទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា ទោះបីកំណើននៃការជម្លៀសតាមបណ្តោយព្រំដែន ក្នុងពេលកងទ័ពថៃបន្តវាយប្រហារឥតឈប់ឈរ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់រស់នៅនោះ ត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់រដ្ឋបាលខេត្តខិតខំប្រឹងប្រែងដោះស្រាយ និងរៀបចំយ៉ាងយកចិត្តទុកដាក់ជូនជនភៀសសឹក ដើម្បីឱ្យប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព និងទទួលបានស្បៀងគ្រប់គ្រាន់។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក្នុងការឆ្លើយតប អន្តរាគមន៍ទាន់ពេលវេលា និងមានការទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងពេលវេលាដែលជាតិ និងប្រជាជនប្រឈមដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ។
លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខតាមមណ្ឌលសុវត្ថិភាពនីមួយៗ រាជរដ្ឋាភិបាល និងអាជ្ញាគ្រប់ជាន់ថ្នាក់បានបន្តដោះស្រាយ និងផ្តល់សម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹក ដូចជា តង់ ការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងការផ្តល់ស្បៀង ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការសម្រាប់ជួយមើលថែទាំសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។
អំឡុងចុះពិនិត្យមណ្ឌលសុវត្ថិភាព លោកទេសរដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរឱ្យរៀបចំការផ្តល់ជំនួយ និងស្បៀងឱ្យបានច្បាស់លាស់ ទាំងជំនួយរបស់រាជរដ្ឋាភិបាល និងជំនួយសប្បុរសជន ដើម្បីបង្កលក្ខណៈងាយស្រួល និងច្បាស់លាស់ថាប្រជាពលរដ្ឋភៀសសឹកទាំងអស់ទទួលដូចគ្នា។
បន្ថែមលើនេះ លោកទេសរដ្ឋមន្ដ្រី សំណូមពរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕










