ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដជាមួយគ្រួសារវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន៣២៤គ្រួសារ នៅខេត្តសៀមរាប នៅថ្ងៃពុធ១២ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានអរគុណដល់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាព និងការជួយសម្រួលជូនដល់បងប្អូនភៀសសឹក។ សម្តេចបានបន្តទៀតថាក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី ខ្មែរតែមួយ ជួយគ្នាក្នុងគ្រាអាសន្ន ក៏បានធ្វើឲ្យចលនាជាតិនិយមក៏បានកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀស សឹក។
សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បានផ្ដាំផ្ញើសុខសុខទុក្ខពីសំណាក់ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនបងប្អូនជនភៀសសឹក និងការយកចិត្តទុកដាក់របស់សម្ដេច លើការដោះស្រាយទុក្ខលំបាករបស់បងប្អូន ដែលកំពុងភៀសខ្លួននាពេលនេះ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណ ភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា។
អំណោយដែលបានយកមកចែកជូនដល់ជនភៀសសឹកចំនួន ៣២៤គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ មី ១កេស កញ្ចប់គ្រឿងទេស និងសម្ភារប្រើ ប្រាស់ ១កញ្ចប់ ចេក ពងមាន់ ពងទា និងថវិកា៥ម៉ឺនរៀល កូនក្មេងទទួលបានថវិកា៥ពាន់រៀល ចំណែកឯស្ត្រីមានផ្ទៃពោះទទួលបានថវិកា១០ម៉ឺនរៀល៕.
ដោយ សំរិត










