ខេត្តពោធិ៍សាត់ ៖ កាលពីយប់ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ បានកើតឡើងបណាលឲ្យមានមនុស្សយ៉ាងហោចចំនួន០២នាក់បានស្លាប់បាត់បង់ជីវិត ដោយជិះម៉ូតូឌុបគ្នាធ្លាក់ពីលើស្ពានដាច់ ដោយសារពួកយោធាឈានពាន(ចោរសៀម)ទម្លាក់គ្រាប់បែកពីលើយន្ដហោះកន្លងទៅ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានមេទឹកឬស្ពានជ័រជំនះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក អធិការនគរបាលស្រុកវាលវែង បានបញ្ជាក់នាព្រឹកថ្ងៃនេះតាមប្រព័ន្ធតេឡេក្រាមថា មានបុរស២នាក់ធ្វើដំណើររួមគ្នា ដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២២ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AR 8945 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលធ្លាក់តែម្ដង ។
លោក អធិការបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូឈ្មោះ ថា ចាន់ធូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលស្នួល ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ(ស្លាប់)ឈ្មោះ ឈូ ឆៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកស្ទឹងសង្កែ ខេត្តបាត់ដំបង ។
លោក បញ្ជាក់បន្ថែមទៀតថា មូលហេតុ អាចកត្តាល្បឿន ខ្វះការប្រុងប្រយ័ត្នឬអាចបើកបរក្រោមឥតពលស្រវឹងក៍ថាបាន ចំពោះសពជនរងគ្រោះទាំង២នាក់ យើងបានប្រគល់ទទួលជូនសាច់ញាត ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយៈ ប៉ឹម ពិន










