ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងតឺន័រជែងទាក់ដៃ ចង្កូតដួលកិនប្រពន្ធស្លាប់ ប្ដីរងរបួស រួចបើករត់គេចជាង ១០គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តកណ្តាល÷ស្ត្រីជាភរិយាបានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងបុរសជាប្ដីរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តកុងតឺន័រ១គ្រឿង បើកជែងទាក់ដៃចង្កូតម៉ូតូ បណ្ដាលឲ្យដួលចូលកង់រថយន្តកិន។ ក្រោយបង្កហេតុ រថយន្តបានព្យាយាមបើករត់គេចជាង ១០គីឡូម៉ែត្រ ទើបសមត្ថកិច្ចរកឃើញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង០៥នាទី ព្រឹកថ្ងៃទី២២ ធ្នូ ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៤-២៥ ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ជាប្ដីប្រពន្ធនឹងគ្នា និងមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ជនរងគ្រោះជាប្ដី (អ្នកបើកបរម៉ូតូ) ឈ្មោះ ភុំ សុភី  អាយុ ២៥ឆ្នាំ រងរបួសស្រាល ចំណែកឯប្រពន្ធ (អ្នករួមដំណើរ) មានឈ្មោះ ផន គឹមលាង អាយុ ២៦ឆ្នាំ រងរបួសធ្ងន់ (កិនជើងឆ្វេង) និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកអធិការស្រុកបន្តថា នៅមុនពេលកើតហេតុ ជនរង គ្រោះទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ កណ្ដាល 1AD- 8789 ធ្វើដំណើរពីទិសខាងលិចទៅកើត (កំពង់ស្ពឺ- ភ្នំពេញ)។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក Hyundai (ក្បាលសណ្ដោងរ៉ឺម៉ក) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3H-2898 / សឺមីរ៉ឺម៉កលេខ ភ្នំពេញ 4A-1692 បើកបរស្របទិសគ្នា បានវ៉ាជែងម៉ូតូជនរងគ្រោះ។ ពេលកំពុងវ៉ានោះ កង់រ៉ឺម៉កខាង ស្ដាំបានទាក់ដៃចង្កូតម៉ូតូធ្វើឲ្យដួលទៅលើទ្រូងផ្លូវ ខ្ទាតស្ត្រីជាប្រពន្ធចូលក្រោមកង់រ៉ឺម៉កកិនជើងខាងឆ្វេងរងរបួសធ្ងន់ធ្ងរ និងស្លាប់នៅពេលក្រោយមក។

លោកវរសេនីយ៍ឯក មាន សំណាង បានបញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេ គឺបានបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុរហូតដល់ស្រុកកណ្ដាលស្ទឹង (ចម្ងាយប្រហែល ១១គីឡូម៉ែត្រ) ទើបឈប់រថយន្តចោលហើយរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា បណ្ដាលមកពីអ្នកបើកបររថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ខ្វះការប្រុងប្រយ័ត្ន និងមានចេតនាគេចវេសពីការទទួលខុសត្រូវ។

បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print