ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយ និងអភិបាលរងជាច្រើនរូបទៀត បានបន្តទទួល អំណោយ ពីសប្បុរសជន ជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ពីរដ្ឋបាលខណ្ឌ គណៈកម្មការផ្សារ ក្រុមហ៊ុនឯកជន និងសប្បុរសជន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាច្រើននាក់ ដើម្បីបន្ដយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។
អំណោយដែលប្រគល់ជូននាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
រួមមាន៖ រដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលខណ្ឌពោធិសែនជ័យ រដ្ឋបាលខណ្ឌចំការមន លោកស្រី ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត នាំយកថ្នាំពេទ្យមានសំភារះ៦មុខចូលគ្នានិងអង្រឹង ក្រុមហ៊ុនវីកូឡា ទឹកបរិសុទ្ធឌឺព្រីមៀរ គណៈកម្មការផ្សារទួលទំពូង ក្រុមហ៊ុនឆេមពានគ្រូប សប្បុរសជននិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ទៀត។
លោក ឃួង ស្រេង បានអរគុណចំពោះ រដ្ឋបាលខណ្ឌ ពោធិសែនជ័យ លោកស្រី ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត អំណោយជាថ្នាំពេទ្យមានសំភារះ៦មុខចូលគ្នានិងអង្រឹង គណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ក្រុមហ៊ុនឯកជន មានក្រុមហ៊ុនឆេមពានគ្រូប សប្បុរសជននិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើននាក់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរស នេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំ ណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕ ដោយ សំរិត










