ខេត្តរតនគិរី៖ កម្លាំងចម្រុះខេត្តរតនគិរី រួមមាន កម្លាំងអាវុធហត្ថខេត្ត, កម្លាំងនគរបាលខេត្ត និងមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានឆ្មក់ចូលទៅចាប់ជនជាតិវៀតណាម ចំនួន១៥នាក់ និងជនជាតិខ្មែរម្នាក់ សំងំលាក់ខ្លួនបម្រុងលួចជីកមាសនៅចំណុចជើងភ្នំង៉ោក ព្រំប្រទល់ស្រុកអណ្តូងមាស-ស្រុកអូរយ៉ាដាវ។ ជនជាតិវៀតណាម ដែលមកសំងំលាក់ខ្លួនមកបោះទីតាំងខាងលើនេះ មានរយៈពេលប្រមាណ១សប្តាហ៍មកហើយ។
ជាក់ស្តែងរូបភាពជាច្រើនសន្លឹក ដែលក្រុមជនជាតិវៀតណាមបោះទីតាំង និងស្បៀងអាហារជាច្រើនបន្សល់ទុកនៅចំណុចជើងភ្នំង៉ោល ទុកចោលរ៉ាយប៉ាយ ព្រោះពួកគាត់ត្រូវបានកម្លាំងចម្រុះខេត្តរតនគិរី ប្រមូលមកសាកសួរនៅមន្ទីររ៉ែ និងថាមពលខេត្តរតនគិរីអស់ហើយ។
លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋបាលស្រុកអត់ដឹងរឿងនឹងទេ ព្រោះកម្លាំងចម្រុះខេត្តចុះមកអត់សហការ។
ចំណែកលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី នៅរសៀលថ្ងៃដដែលក៏ប្រាប់ឱ្យដឹងថា ជនជាតិវៀតណាមខាងលើចូលមកប្រទេសកម្ពុជា មានលិខិតឆ្លងដែនត្រឹមត្រូវ តែមិនបញ្ជាក់ច្បាស់លាស់ ប្រភេទភ្ញៀវទេសចរណ៍ (បោះត្រាចូល), ស្នាក់នៅធ្វើការងារស្រុកខ្មែរបិទ (Visa) នោះទេ ប៉ុន្តែចូលតាមរយៈក្រុមហ៊ុន «អង្គរហ្គោល»។ អ្នកនាំពាក្យខាងលើបន្តថា សូមឱ្យសួរបញ្ជាក់ទៅខាងមន្ទីររ៉ែ និងថាមពល ពីព្រោះជនជាតិវៀតណាមទាំងនោះកំពុងសួរនាំនៅទីនោះ។
ជុំវិញករណីខាងលេីនេះ លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី អង្គភាពសារព័ត៌មានយេីងបានទំនាក់ទំនងទូរស័ព្ទទៅលោក ដេីម្បីសុំការពន្យល់តែគ្មានអ្នកទទួល។
ដោយឡែកលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ថា ករណីពាក់ព័ន្ធជនជាតិវៀតណាមចំនួន១៥នាក់ បានចូលមកបម្រុងស្រាវជ្រាវរ៉ែ ក្នុងទីតាំងដីរបស់ក្រុមហ៊ុនឯកជន ហើយក្រុមហ៊ុនបានប្តឹងទៅមន្ទីររ៉ែ និងថាមពលខេត្ត។ បច្ចុប្បន្នខាងមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានធ្វើការពិន័យតាមនីតិវិធីរួចរាល់អស់ហើយ៕ដោយ៖តារា










