សមត្ថកិច្ចចម្រុះ​ខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម១៥នាក់ លាក់ខ្លួនបម្រុងលួចជីកមាសនៅចំណុចជើងភ្នំង៉ោក ព្រំប្រទល់ស្រុកអណ្តូងមាស-ស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្ត​រតនគិរី៖ កម្លាំងចម្រុះខេត្តរតនគិរី រួមមាន កម្លាំងអាវុធហត្ថខេត្ត, កម្លាំងនគរបាលខេត្ត និងមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានឆ្មក់ចូលទៅចាប់ជនជាតិវៀតណាម ចំនួន១៥នាក់ និងជនជាតិខ្មែរម្នាក់ សំងំលាក់ខ្លួនបម្រុងលួចជីកមាសនៅចំណុចជើងភ្នំង៉ោក ព្រំប្រទល់ស្រុកអណ្តូងមាស-ស្រុកអូរយ៉ាដាវ។ ជនជាតិវៀតណាម ដែលមកសំងំលាក់ខ្លួនមកបោះទីតាំងខាងលើនេះ មានរយៈពេលប្រមាណ១សប្តាហ៍មកហើយ។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹក ដែលក្រុមជនជាតិវៀតណាមបោះទីតាំង និងស្បៀងអាហារជាច្រើនបន្សល់ទុកនៅចំណុចជើងភ្នំង៉ោល ទុកចោលរ៉ាយប៉ាយ ព្រោះពួកគាត់ត្រូវបានកម្លាំងចម្រុះខេត្តរតនគិរី ប្រមូលមកសាកសួរនៅមន្ទីររ៉ែ និងថាមពលខេត្តរតនគិរីអស់ហើយ។

លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋបាលស្រុកអត់ដឹងរឿងនឹងទេ ព្រោះកម្លាំងចម្រុះខេត្តចុះមកអត់សហការ។

ចំណែកលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី នៅរសៀលថ្ងៃដដែលក៏ប្រាប់ឱ្យដឹងថា ជនជាតិវៀតណាមខាងលើចូលមកប្រទេសកម្ពុជា មានលិខិតឆ្លងដែនត្រឹមត្រូវ តែមិនបញ្ជាក់ច្បាស់លាស់ ប្រភេទភ្ញៀវទេសចរណ៍ (បោះត្រាចូល), ស្នាក់នៅធ្វើការងារស្រុកខ្មែរបិទ (Visa) នោះទេ ប៉ុន្តែចូលតាមរយៈក្រុមហ៊ុន «អង្គរហ្គោល»។ អ្នកនាំពាក្យខាងលើបន្តថា សូមឱ្យសួរបញ្ជាក់ទៅខាងមន្ទីររ៉ែ និងថាមពល ពីព្រោះជនជាតិវៀតណាមទាំងនោះកំពុងសួរនាំនៅទីនោះ។

ជុំវិញករណីខាងលេីនេះ​ លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី អង្គភាព​សារព័ត៌មាន​យេីងបានទំនាក់ទំនងទូរស័ព្ទទៅលោក​ ដេីម្បី​សុំការពន្យល់តែគ្មានអ្នកទទួល។ 

ដោយ​ឡែក​លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ថា ករណីពាក់ព័ន្ធជនជាតិវៀតណាមចំនួន១៥នាក់ បានចូលមកបម្រុងស្រាវជ្រាវរ៉ែ ក្នុងទីតាំងដីរបស់ក្រុមហ៊ុនឯកជន ហើយក្រុមហ៊ុនបានប្តឹងទៅមន្ទីររ៉ែ និងថាមពលខេត្ត។ បច្ចុប្បន្នខាងមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានធ្វើការពិន័យតាមនីតិវិធីរួចរាល់អស់ហើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print