សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា រូបលោកទទួលបានការធានាថា ការសម្លាប់បាតុករនៅក្នុងប្រទេសអ៉ីរ៉ង់ គឺត្រូវបានផ្អាកហើយ ខណៈបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្ស តួលេខចុងក្រោយនៃអ្នកស្លាប់ គឺមានចំនួនសរុបយ៉ាងហោចជាង៣៤០០នាក់។
ប៉ុន្មានថ្ងៃមកនេះ លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ជួយប្រជាជនអ៉ីរ៉ង់ ចំពោះមុខការបង្រ្កាបលើបាតុករ ដែលក្រុមសិទ្ធិមនុស្សអះអាងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤២៨នាក់។ ក្រៅពីអ្នកស្លាប់ មនុស្សជាង១០ ០០០នាក់ ក៏ត្រូវបានចាប់ខ្លួនថែមទៀតផង។ ប៉ុន្តែក្នុងសេចក្តីប្រកាសមួយនៅឯសេតវិមាន នាថ្ងៃពុធ លោក ត្រាំ បាននិយាយថា ឥឡូវនេះលោកទទួលបានការធានាពីប្រភពសំខាន់មួយនៅអ៉ីរ៉ង់ថា ទីក្រុងតេហេរ៉ង់ បានបញ្ឈប់ការសម្លាប់បាតុករហើយ ហើយគម្រោងប្រហារជីវិតអ្នកតវ៉ា ដែលត្រូវបានចាប់ខ្លួន ក៏នឹងមិនប្រព្រឹត្តទៅដែរ។
នៅពេលត្រូវបានសាកសួរថា តើការធ្វើអន្តរាគមន៍យោធា នាពេលនេះលែងស្ថិតក្នុងជម្រើសទៀតហើយមែនទេ លោក ត្រាំ បានឆ្លើយតបថា នឹងរង់ចាំមើលនីតិវិធីទៅជាយ៉ាងណាបន្តទៀត។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ក៏បានអះអាងដែរថា នឹងមិនមានការព្យួរកប្រហារជីវិតឡើយ ហើយលោក Araghchi បានចោទប្រកាន់អ៉ីស្រាអែលថា ជាអ្នកនៅពីក្រោយខ្នងនៃការដុតបញ្ឆេះអំពើហិង្សា។
កាលពីថ្ងៃពុធ អ៉ីរ៉ង់បានព្រមានបណ្តាប្រទេសនៅក្នុងតំបន់ថា ខ្លួននឹងវាយប្រហារលើមូលដ្ឋានយោធាអាមេរិក នៅប្រទេសទាំងនោះ ប្រសិនបើទីក្រុងវ៉ាស៉ីនតោន ហ៊ានវាយប្រហារលើអ៉ីរ៉ង់។ ក្នុងថ្ងៃដដែល មន្រ្តីអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក សម្រេចដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានសំខាន់ៗ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីជាវិធានការប្រុងប្រយ័ត្ន ចំពោះមុខភាពតានតឹង៕
រូបថត: BBC










