ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូ
វែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ មុនចេញដំណើរទៅសិក្សា។ ជំនួបនេះបានធ្វើឡើងនៅសាលព្រះវិហារនៃទីស្តីការក្រសួងព័ត៌មាន។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការណែនាំល្អៗដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់ និងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជាថែមទៀត។
លោក នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាននិងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានកំពុងអនុវត្តលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ព្រមទាំងដំណើរនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បន្ទាប់ពីបិទបញ្ចប់សង្គ្រាមស៉ីវិល រហូតមានការឯកភាពជាតិ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមចក្ខុវិស័យដឹកនាំដ៏ច្បាស់លាស់ ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅចំពោះមុខនិស្សិតជ័យលាភី លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងសាលា និងស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ និងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ និងចូលរួមក្នុងការអភិវឌ្ឍកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងសក្តានុពលជំនាញរៀងៗខ្លួនជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានជំរុញឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ប្រឹងប្រែងដកបទពិសោធន៍ និងពង្រឹងចំណេះដឹង ចាប់យកជំនាញឱ្យបានច្បាស់ ដើម្បីក្លាយជាមូលធនមនុស្សវិលត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដោយគូសបញ្ជាក់ថា ធនធានមនុស្សខ្លាំង ទើបប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាខឿនការពារប្រទេសជាតិដ៏រឹងមាំពីការរំលោភបំពានពីប្រទេសដទៃ។
សូមជម្រាបដែរថា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ និស្សិតកម្ពុជាចំនួន៣២រូប ដែលក្នុងនោះមានស្ត្រី១៦រូប មកពីក្រសួង-ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល បានទទួលអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់។ ក្នុងនោះមាននិស្សិតថ្នាក់អនុបណ្ឌិតចំនួន២៨រូប និងបណ្ឌិតចំនួន៤រូប ដែលនឹងសិក្សាលើមុខជំនាញផ្សេងៗគ្នារួមមាន៖ ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង ការគ្រប់គ្រងគ្រោះមហន្តរាយ ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការអប់រំជាដើម។ តួលេខ និងភាពចម្រុះនៃមុខវិជ្ជាសិក្សានេះ ឆ្លុះបញ្ចាំងពីសក្តានុពល និងការវិវត្តសមត្ថភាព ពីកម្រិតធនធានមនុស្សទៅមូលធនមនុស្សពេញលេញ និងសមប្រកប៕
ដោយ , សិលា










