ចេញពីគុកមិនរាងចាល! មុខសញ្ញាចាស់លួចកាត់ខ្សែភ្លើងក្នុងចម្ការចេកត្រូវប្រជាការពារឃាត់ខ្លួនប្រគល់ឱ្យប៉ូលិស

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះថា មុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនិងជាអ្នកប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងនោះ បានធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងក្នុងចម្ការចេករបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានប្រជាការពារឃុំប្រទះឃើញ និងឃាត់ខ្លួន

បានភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១២នាទី ថ្ងៃទី១៣ មករា ២០២៦ នៅចំណុចភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឡាញ់ កាវ អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ស៊ុន ប៊ុនថេង ហៅ ដេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង (ពិនិត្យទឹក នោមមានសារធាតុញៀនវិជ្ជមាន)។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល០២ឆ្នាំម្តងរួចមកហើយពីបទរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)។ ចំណែកឯជនរងគ្រោះឈ្មោះ នី ស៊ីណាត ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។

លោកអធិការបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន កាំបិតត្នោតផ្លែដែកដងឈើ១, ខ្សែភ្លើងពណ៌ខ្មៅ១ដុំ (របស់ជនរងគ្រោះ) និងកន្ត្រៃដែកសម្រាប់កាត់ខ្សែភ្លើង១។

លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ មានប្រជាការពារឃុំព្រែករកាម្នាក់ឈ្មោះ ឌឹម ណេត បានជិះម៉ូតូចេញពីផ្ទះដើម្បីទៅមើលស្រែ។ លុះជិះហួសប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករកាបានបន្តិច មកដល់ចំណុចកើតហេតុ ក៏បានឃើញជនសង្ស័យកាន់កន្ត្រៃនិងកាំបិតកំពុងទាញខ្សែភ្លើងពីក្នុងដីចម្ការចេករបស់ជនរងគ្រោះ។ ភ្លាមៗនោះ ប្រជាការពាររូបនោះបានជិះម៉ូតូចូលទៅឃាត់ខ្លួនជនសង្ស័យ និងទូរស័ព្ទប្រាប់ជនរងគ្រោះឱ្យមកមើលជាក់ស្ដែង ទើបដឹងថាខ្សែភ្លើងត្រូវបានកាត់ចេញពីបង្គោលមែន ក៏ប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print