សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀន២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា កម្លាំងនគរបាលស្រុកកៀនស្វាយបានបង្គ្រាបគ្រឿងញៀនពីរករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យបានពីរនាក់។

ចំពោះករណីទី១ នៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២៦ វេលាម៉ោង០៧និង៣០នាទី នៅត្រង់ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈនៅមុនពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំបន្ទាយដែកក៏បានឃាត់ខ្លួនយកមកសួរនាំ។

ជនសង្ស័យមានឈ្មោះស៊ុំ បាទី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់តូចមានទម្ងន់០.៦៨ក្រាម។

ចំពោះករណីទី២ នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៦ វេលាម៉ោង២១និង៤០នាទីនៅត្រង់ចំណុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ (ឃាត់ខ្លួន១នាក់និងរត់គេចខ្លួន១នាក់)ដែលមាន១-ឈ្មោះសុីន សំណាង ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ(ឃាត់ខ្លួន)និង២.ឈ្មោះង៉ាន សុភា(ហៅជ្រួក)ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដរត់គេចខ្លួន។

ចំពោះវត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់តូច មានទម្ងន់០.០៨ក្រាមនិងវត្ថុតាងវេចខ្ចប់និងប្រើប្រាស់មួយចំនួន។

លោកអធិការ ព្រុំ សំណាង បន្តថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍គគីរ និងកម្លាំងប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំគគីរ។ ពេលមកដល់ត្រង់ចំណុចកើតហេតុបានឃើញជនសង្ស័យកំពុងដើរនៅលើដងផ្លូវជាតិលេខ១ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ក៏បានឃាត់ខ្លួនសួរនាំនិងត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក០១កញ្ចប់តូចយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំ១កញ្ចប់តូចនេះជារបស់ខ្លួនបានទិញពីឈ្មោះង៉ាន សុភា(ហៅជ្រួក)ក្នុងតម្លៃ២០.០០០រៀល(ពីរមុឺនរៀល)។

ក្រោយមកសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះង៉ាន សុភាហៅជ្រួក តែត្រូវបានគេចខ្លួនបាត់នៅមុនពេលសមត្ថកិច្ចចុះទៅដល់។

ចំពោះជនសង្ស័យរួមនឹងវត្ថុតាង នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print