ឃាត់ខ្លួនបុរសម្នាក់រំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) មិនប្រគល់ឱ្យម្ចាស់វិញ តាមរកឃើញឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល ÷ មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងនៅថ្ងៃទី១៨ខែមករា ឆ្នាំ២០២៦នេះថា ជនសង្ស័យម្នាក់ត្រូវសាច់ញាតិរបស់ជនរងគ្រោះតាមរកឃើញ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ករណីខ្ចីម៉ូតូរំលោភលើទំនុកចិត្តឥតប្រគល់ឱ្យជនរងគ្រោះជាម្ចាស់វិញ។ ហេតុការណ៍រៀបគម្រោងចង់ស៊ីដាច់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១៧និង៤៥នាទីថ្ងៃទី១១ខែមករាឆ្នាំ២០២៦ នៅចំណុចភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវឃាត់ខ្លួននៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី១៦ខែមករាឆ្នាំ២០២៦ នៅចំណុច សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះមានឈ្មោះ ហេង សូណា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងមានទីលំនៅក្នុងភូមិ-សង្កាត់កើត ហេតុ ។ ចំនែកជនសង្ស័យឈ្មោះ ឈាង សំរេច ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ផ្កាស្តៅ ។ វត្ថុតាងចាប់យក÷ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LM-6733 (ជារបស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ១គ្រឿង(ជារបស់ជនសង្ស័យ)។

សមត្ថកិច្ចបានប្រាប់អំពីដើមហេតុថា កាលវេលាថ្ងៃកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូទៅទិញផ្កាស្តៅពីជនសង្ស័យដែលធ្លាប់ស្គាល់គ្នាដើម្បីយកទៅលក់បន្ត។ ពេលទិញរួច អត់មានកៅស៊ូចងផ្កាស្តៅ ស្ត្រីរងគ្រោះក៏ឱ្យជនសង្ស័យជួយរកកៅស៊ូយកមកចងផ្កាស្តៅឱ្យផង។តែជនសង្ស័យរកមិនបានក៏សុំខ្ចី ម៉ូតូរបស់ស្ត្រីរងគ្រោះថា ជិះទៅទិញកៅស៊ូមួយភ្លែត។ដោយស្ត្រីរងគ្រោះ យល់ថាជាម៉ូយធ្លាប់លក់ផ្កាស្តៅ និងស្គាល់គ្នាខ្លះៗផង ក៏យល់ព្រមឱ្យជន សង្ស័យខ្ចីម៉ូតូជិះចេញទៅ។ ដោយពេលវេលា ក៏ចេះតែយូរទៅៗ មិនឃើញត្រលប់មកវិញ ស្ត្រីរងគ្រោះក៏បាន ទៅប្រាប់ប្អូនស្រីម្នាក់ ដែលរាប់អានគ្នាឱ្យជួយស្វែងរកជនសង្ស័យឱ្យផង ។

លុះនៅវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី១៦ខែមករាឆ្នាំ២០២៦ ប្អូនស្រីដែលស្ត្រីរងគ្រោះ ពឹងឱ្យជួយរកជនសង្ស័យនោះក៏ប្រទះឃើញជនសង្ស័យនៅម្តុំព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យ ជាមួយម៉ូតូរបស់ស្ត្រីរងគ្រោះ ប្រគល់អោយសមត្ថកិច្ច។

ចំពោះមុខនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ស្ត្រីរងគ្រោះ មិនប្រគល់ឱ្យម្ចាស់គេវិញ ប្រាកដមែន។

...

សមត្ថកិច្ចបានប្រគល់ម៉ូតូជូនស្ត្រីរងគ្រោះវិញ ឯជន សង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print