ភ្នំពេញ៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សមរភូមិសំខាន់ៗចំនួន៤ ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពាននៅតាមព្រំដែនដោយកងកម្លាំងរបស់យោធាថៃ រួមមាន ទី១. សមរភូមិយោធា ទី២. សមរភូមិការទូត ទី៣. សមរភូមិច្បាប់ និងទី៤. សមរភូមិព័ត៌មាននិងសាធារណៈមតិ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖ ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌ បានមានប្រសាសន៍ថា ទោះបីជាសមរភូមិនៅលើដីមានភាពស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធ ក៏ប៉ុន្តែសមរភូមិនៅលើអាកាសលើប្រព័ន្ធផ្សព្វផ្សាយនៅតែមានភាពតឹងតែង ហើយសមរភូមិនេះគឺជាសមរភូមិមួយដែល មានការប្រឈមខ្ពស់។ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានេះ មានសមរភូមិ៤ បានឈរនៅទន្ទឹមគ្នា រួមមាន ទី១. សមរភូមិយោធា ទី២. សមរភូមិការទូត ទី៣. សមរភូមិច្បាប់ និងទី៤. សមរភូមិព័ត៌មាននិងសាធារណៈមតិ»។
លោកបានបន្ដថា នៅសមរភូមិទី១ គឺបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មការ ព្រំដែនទូទៅ GBC នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយកំណត់ភាគីកម្ពុជា-ថៃ បានឈប់បាញ់ នៅម៉ោង១២ ថ្ងៃត្រង់ ចាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមក។
ចំណុចមួយនេះបានកំណត់ថា អ្នកណាឈរជើងនៅកន្លែងណានៅកន្លែងនោះ ក៏ប៉ុន្តែចំណុចទី៣ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនៅក្នុងសេចក្តីប្រកាសគឺវាមិនប៉ះពាល់ដល់ការវាស់វែព្រំដែននោះទេ។ ដូច្នេះបានជាគណៈកម្មចម្រុះព្រំដែនកម្ពុជា-ថៃ ជាពិសេស ភាគីកម្ពុជាបានដាក់លិខិតម្តងហើយម្តងទៀតដើម្បីជំរុញឱ្យមានការវាស់វែងខ្សែបន្ទាត់ព្រំដែន ជាពិសេសគឺនៅចន្លោះបង្គោលលេខ៤២ និង៤៧ នៅតំបន់ព្រៃចាន់ និងភូមិជោគជ័យ និងបង្គោលលេខ៥២ និង៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង់ ជាប់ខេត្តច័ន្ទបុរី និងភូមិព្រៃចាន់ និងជោគជ័យនៅក្នុងស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ទល់មុខមួយជានឹងខេត្ដស្រះកែវ របស់ថៃ ដើម្បីឱ្យច្បាស់ថាទីតាំងទាំងអស់នោះមួយណាជាដីខ្មែរ ហើយដីណាជាដីថៃ ដើម្បីអនុញ្ញាតឱ្យចំណុចទី៤នៃសេចក្តីថ្លែងការណ៍ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋជាជនភៀសសឹក វិលត្រឡប់ទៅភូមិឋានរបស់ខ្លួនវិញដោយសេចក្តីថ្លៃថ្នូរ និងគ្មានការបង្អាក់។ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងថា ទោះបីមានការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមយ៉ាងណាក្តី រហូតមកដល់ម៉ោងនេះ យោធាថៃបានបន្តធ្វើសកម្មភាពលើការកម្ទេចផ្ទះប្រជាពលរដ្ឋ ដាក់ទូរកុងតឺន័រ រាយបន្លារលួស ដោតទង់ជាតិ និងធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលធ្វើឱ្យកែប្រែបរិក្ខារនៅជំវិញ និងស្ថានភាព ដែលហៅថាធ្វើឱ្យមានស្ថានភាព ជាក់ស្តែង ទៅលើទីលាន៕
ដោយ ៖ សំរិត









