ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿន ហើយទំនងជាម្ចាស់ស្រវឹងស្រាផងនោះ ក៏ជ្រុលបើកបុកចូលផ្ទះសំណាក់យីហោ សះមាស បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅកណាត់ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទកុងតឺន័រដឹកទូ ពណ៌សលាយក្រម ពាក់ស្លាក់លេខភ្នំពេញ4A-1606 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកចូលផ្ទះសំណាក់ដែលមានយីហោសះមាសបណ្តាលឲ្យរងការខូចខាតរបងនិងបែកទុយោទឹក។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ម្ចាស់រថយន្តបានបើកទ្វារចុះពីលើរថយន្តគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងសហការជាមួយជំនាញមកធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕

ដោយ៖ ជីម ភារ៉ា ដង្កោ
...