ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលយុវជន២នាក់នោះជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដូចហោះបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុនដឹកជញ្ជូន សីុប៊ីជី ឡូជីស្ទីក ជាប់បណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់និងឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះ២នាក់ខាងលើ បានជិះម៉ូតូម៉ាកMSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG-8607 ដោយឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីត្បួងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យយុវជនម្នាក់អង្គុយពីក្រោយផ្លោងហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែង រីឯយុវជនម្នាក់ទៀតដែលជាអ្នកបើកបរបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រោយពីកើតហេតុយុវជនរងរបួសធ្ងន់នោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ ចំណែកឯម៉ូតូរងការខូចខាតខាងមុខយ៉ាងដំណំផងដែរ។
បើតាមសេចក្ដីរាយការណ៍ពីសាច់ញាតិជនរងគ្រោះដែលសមត្ថកិច្ចទំនាក់ទំនងតាមទូរស័ព្ទបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសំបូរ ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ស្ពឺ ចំណែកយុវជនដែលរងរបួសធ្ងន់នោះមិនស្គាល់អត្តសញ្ញាណនៅឡើងទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានធ្វើកោសល្យវិច័យសពដោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារជិះម៉ូតូបុកបង្គោលភ្លើងបំភ្លឺផ្លូវពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានទំនាក់ទំនងទៅសាច់ញាតិឲ្យមកទទួលសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកឯម៉ូតូក៏រងចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅវិញផងដែរ៕

ដោយ៖ ជីម ភារ៉ា ដង្កោ
...