ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនហើយជែងរថយន្តផុតជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតដែលធ្វើដំណើបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ទៀតបានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ តាមណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សូ ពិសិដ្ឋ អាយុ៣៥ឆ្នាំ មានមុខរបរជាកម្មករោងចក្រBSS មានស្រុកកំណើតក្នុងភូមិប្រាកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកឯម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្ដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-0813 ជិះចេញពីធ្វើការតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានយុវជនម្នាក់ស្ថិតក្នុុងស្ថានភាពស្រវឹងស្រាជោគជាំ បានជិះម៉ូតូម៉ាកស៊ុយសុគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-3928 ក្នុងល្បឿនយ៉ាងលឿនទិសដៅបញ្ច្រាសគ្នានិងវ៉ារថយន្តផងនោះ បានបុកគ្នាពេញទំហឹងបណ្តាលឱ្យបុរសម្ចាស់ម៉ូតូសង បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនបង្កបានព្យាយាមរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់តាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ជីម ភារ៉ា ដង្កោ
...