ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក Mazda បើកទិសដៅបញ្រ្ចាស់គ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៩
ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងចំណុចក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Mazdaមួយគ្រឿង ខណះម្ចាស់បានបាំងស្លាកលេខ បើកបរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ស្ពឺ 1P-5610 ជិះដោយបុរសរងគ្រោះមុនាក់ធ្វើដំណើរលើផ្លូវតែមួយទិសដៅបញ្រ្ចាស់គ្នាពិកើតទៅលិចក្នុងល្បឿនលឿនខណះជិះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករថយន្តចំពីចំហៀងខាងឆ្វេងផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យភាគីខាងម៉ូតូបានរងរបួសធ្ងន់ត្រូវបញ្ជូនយកទៅសង្រ្គោះភ្លាមៗចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីចរាចរណ៍ជំនាញផ្លូវគោកចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










