ខេត្តកំពង់ស្ពឺ៖ រថយន្តប្រភេទកូរ៉េដឹកទំនិញទម្ងន់១តោនកន្លះត្រូវបានឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ រងការខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ ខណៈដែលចតរថយន្តទុកមុខផ្ទះហើយមានជនដៃដល់ចំនួនពីរនាក់ជិះម៉ូតូឌុបគ្នាមកដុតតែម្តង ក្រោយកើត ហេតុជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ជនសង្ស័យលួចដុតរថយន្តចតមុខផ្ទះផ្អើលឈុល បានកើតឡើងកាលពីវេលាម៉ោង១២និង៤៣នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកំពុងសាងសង់(ពីសាលាកុលបុត្រ ទៅភូមិកំណប់)ស្ថិតនៅក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល គឺមានជនមិនស្គាល់មុខចំនួនពីរនាក់ជិះម៉ូតូឌុបគ្នាម៉ាកហុងដាសេ១២៥ មិនស្គាល់ផ្លាកលេខបានធ្វើសកម្មភាពដុតរថយន្ត១គ្រឿង(ប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ)ម៉ាកប្រោនធា (FRONTIR) ពណ៌សទម្ងន់១តោនកន្លះពាក់ផ្លាកលេខ ភ្នំពេញ 2U- 3794 ទុកនៅមុខផ្ទះជនរងគ្រោះជាម្ចាស់ឈ្មោះ ឌុក ញ៉ាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងធ្វើបារ៉ែតឈើ រស់នៅផ្ទះជួលក្នុងភូមិទួលធ្នង់ ឃុំព្រះនិព្វាន។
នគរបាលស្រុកគងពិសីបានបន្តថា ជនដៃដល់បានដុតរថយន្តបណ្ដាលឱ្យរងការខូចខាតឆេះរថយន្តមួយកំណាត់មុខកំរិតធ្ងន់។ សំណាងល្អជនរងគ្រោះជាម្ចាស់រថយន្ត និងបងប្អូនបានដឹងទាន់នាំគ្នាជួយពន្ធត់ទាន់ពេលវេលា។
ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់រថយន្តបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវស្វែងរកក្រុមជនល្មើសដែលធ្វើសកម្មភាពលួចដុតរថយន្តរបស់គាត់មិនដឹងមូលហេតុ ហើយកំពុងរត់គេចខ្លួននោះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕










