ខេត្តប៉ោយប៉ែត៖ ក្រុមស្រ្តីជាអ្នកលក់កណ្ដូបចៀននៅផ្សាររោងក្លឿក្នុងទឹកដី ស្រុកអារញ ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានដោះលែងវិញហើយ កាលពីរសៀលម៉ោង៤ និង៤៥នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមការលើកឡើងពីលោក សៅ វាសនា ប្រធានក្រុមការងារមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកបន្តថា ការដោះលែងស្ត្រីជាជនជាតិខ្មែរយើងពីទឹកដីថៃនោះគីដោយសារតែមានការអន្តរាគមន៍ពីមន្ត្រីជំនាញ៣ស្ថាបន័ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតរួមមានស្ថាប័នទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ស្ថាប័នអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងអគ្គកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវផងដែរ។
ជុំវិញករណីដែលខាងភាគីថៃចាប់ស្ត្រីខ្មែរដែលចូលទៅលក់កណ្ដូបនៅប្រទេសថៃនោះ ដោយភាគីថៃចោទថា ការលក់ដូរនៅតាមចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យបាត់បង់សោភ័ណភាពប្រទេសគេ ឬប៉ះពាលដល់ភ្ញៀវជាតិ ពេលចូលទៅលក់ដូរនៅក្នុងទឹកដីគេយកក្មេងទៅតាមដើម្បីឲ្យសុំទាន់នៅក្នុងផ្សារ ហើយការដើរលក់ឬដាក់លក់នៅកន្លែងណាគ្មានភាពអនាម័យនៅទីនោះទើបឈានដល់ការចាប់ខ្លួនតែម្ដង។ ចំពោះការដោះលែងស្ត្រីជនជាតិខ្មែរយើងទាំង១១នាក់នោះគឺត្រូវពិន័យជាប្រាក់ក្នុងមួយនាក់២ពាន់បាត តែការចាប់អ្នកលក់កណ្ដូបចៀន ឬម្ជូរគ្រប់មុខនោះគីខាងអន្តោប្រវេសន៍ថៃជាអ្នកចាប់ ហើយទឹកប្រាក់ជំនួសនៃការដោះលែងនោះគីជាទឹកប្រាក់របស់អន្តោប្រវេសន៍ថៃក៏ជាអ្នកចេញជំនួសដើម្បីដោះលែងជនជាតិខ្មែរផងដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកកណ្ដូបឬម្ជូរគ្រប់មុខដែលតែងតែទៅលក់ដូរក្នុងផ្សាររោងក្លឿស្រុកអារញ្ញទឹកដីថៃនោះកាលពីព្រឹកថ្ងៃទី១៤ខែកញ្ញានេះ គឺត្រូវបានទៅលក់ដូរក្នុងទឹកដីថៃបានជាធម្មតាវិញ បន្ទាប់ពីមានការណែនាំពីលោក ស៊ឹម សំអាត ប្រធានស្នាក់ការអន្តប្រវេសន៍ធ្វើការណែនាំឲ្យចូលលក់ដូរធ្វើយ៉ាងណាឲ្យមានសណ្ដាប់ធ្នាប់ មានអនាម័យ និងមិនឲ្យយកក្មេងទៅជាមួយជៀសវាងការបាត់បង់ទើបខាងភាគីថៃអនុញ្ញាតិឲ្យចូលលក់ដូចជាធម្មតាវិញ។
ចំពោះស្ត្រីខ្មែរយើងលក់់កណ្ដូបចៀនឬម្ជូរគ្រប់មុខដែលភាគីថៃចាប់កាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នោះគឺបានដោះលែងវិញដែរដោយអស់ទឹកប្រាក់ក្នុងម្នាក់៤ពាន់៤រយបាតដោយចេញប្រាក់ផ្ទាល់ខ្លួនឯង៕
ដោយ៖ វណ្ណា