ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នឹងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»។
ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន ដែលជានិមិត្តរូបនៃការពូនជ្រុំទំនាក់ទំនងដ៏ខ្លាំងក្លារវាងកម្ពុជា និងវៀតណាម មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម ក្នុងនោះរួមមាន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីសាលារាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សាលាមិត្តភាពកម្ពុជា-វៀតណាម ដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពោលគឺនៅក្នុងបរិវេណ «សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងនេះធ្លាប់ត្រូវបានយកប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្តវៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀនរហូតដល់សព្វថ្ងៃនេះ។ ដោយហេតុថា ទីតាំងនេះធ្លាប់មានប្រវត្តិយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងដើម្បីរក្សា និងពង្រឹងនូវចំណងមិត្តភាព នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគង់វង្សរឹងមាំយូរអង្វែង ស្ថិតក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ» នោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរឈ្មោះសាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម តាមរយៈប្រកាសលេខ៩៥.អយក.ប្រក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា។
លោកអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា បច្ចុប្បន្នសាលាមិត្តភាពកម្ពុជា-វៀតណាម មានអគារសិក្សាចំនួន ១១អគារ ស្មើនឹង ៥៤បន្ទប់, មានបុគ្គលិកអប់រំ ១៣៥នាក់ និងសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យសរុបប្រមាណ ៦,០០០នាក់ ។
លោកអភិបាលរាជធានីភ្នំពេញ បានគូសរំលេចថា តាមរយៈជំនួយដ៏ថ្លៃថ្លារបស់គណបក្ស, រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលនេះ មិត្តភាពកម្ពុជា-វៀតណាម នឹងត្រូវបានកែលម្អ និងសាង់សង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីបង្កើនគុណភាពស្តង់ដារអគារសិក្សាឱ្យកាន់តែទំនើប និងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការទទួលសិស្សានុសិស្សឱ្យមកសិក្សាបន្ថែមកាន់តែច្រើនដោយក្នុងនោះរួមមាន អគាររដ្ឋបាលពហុមុខងារកម្ពស់២ជាន់ ចំនួន ២អគារ, អគារសិក្សាសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យកម្ពស់ ៣ជាន់ ចំនួន ១១ខ្នង ស្មើនឹង ១៤៧បន្ទប់ និងអាហារដ្ឋាន ២កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនផ្សេងទៀត ដែលគ្រោងនឹងចំណាយពេលសាងសង់ចំនួន ១២ខែ៕










