សូមប្រុងប្រយ័ត្ន ! ក្រសួងសុខាភិបាលកម្ពុជា ប្រកាស​ឲ្យ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ស៊ី​តា​កូ​ស៊ី​ស ជំងឺ​ដ៏​កម្រ​

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ស្តី​ពី​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ស៊ី​តា​កូ​ស៊ី​ស (Psittacosis) ។

ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ជំងឺ​ស៊ី​តា​កូ​ស៊ី​ស (Psittacosis) គឺជា​ជំងឺ​ដ៏​កម្រ​មួយ បង្ក​ដោយ​បាក់តេរី​ឈ្មោះ Chlamydia psittaci ដែល​ជា​ទូទៅ​បង្ក​ជំងឺ​លើ​សត្វ​ស្លាប ដូច​ជា សេក ព្រាប មាន់ និង​សត្វ​បក្សី​ផ្សេង​ៗ​ទៀត ទាំង​សត្វ​ចិញ្ចឹម និង​សត្វព្រៃ ។

ក្រសួងបានបញ្ជាក់ថា មក​ដល់​ពេល​នេះ ព្រះរាជាណាចក្រ​កម្ពុជា មិន​ទាន់​រក​ឃើញ​មាន​ជំងឺ​ស៊ី​តា​កូ​ស៊ី​ស​នៅ​លើ​មនុស្ស នៅឡើយ​ទេ​។ ក្រសួងសុខាភិបាល បាន​និង​កំពុង​តាមដាន​ស្ថានភាព​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ នឹង​ជូនដំណឹង បន្ថែម ប្រសិនបើ​មាន​ព័ត៌មាន​ថ្មី​។

របៀប​ចម្លង​៖

-​មនុស្ស​អាច​ឆ្លង តាម​រយៈ​ការ​ដកដង្ហើម​ស្រូប​ធូលី ពី​លាមក​ស្ងួត ទ្រុង​បក្សី ទឹករំអិល ឬ​ខ្យល់​ដែល​មាន កាក​សំណល់ រោមសត្វ ឬ​សំណើម​ផ្លូវដង្ហើម​ពី​សត្វ​បក្សី​ដែល​មាន​មេរោគ​។

-​ការ​ប៉ះពាល់​ផ្ទាល់ ដូច​ជា ថើប​សត្វ​ស្លាប ឬ​ប៉ះ​រោម លាមក ឬ​ជាលិកា​របស់​សត្វ​ស្លាប​ដែល​ឆ្លង​មេរោគ ទាំង​សត្វ​ស្លាប​ស្រុក និង​សត្វ​ស្លាប​ព្រៃ​។

-​បុគ្គល​មាន​ហានិភ័យ​ខ្ពស់​រួម​មាន ម្ចាស់​សត្វ​ស្លាប អ្នក​បង្កាត់​ពូជ បុគ្គលិក​ហាង​លក់​សត្វ​ចិញ្ចឹម បុគ្គលិក​រោងចក្រ​សម្លាប់​និង​កែ​ច្នៃ​សត្វ​បក្សី បុគ្គលិក​សួនសត្វ ពេទ្យសត្វ បុគ្គលិក​មន្ទីរពិសោធន៍​។

-​ការ​ឆ្លង​មេរោគ​លើ​សត្វ​អាច​បណ្ដាល​ឱ្យ​សត្វ​ស្លាប់​ផង​ដែរ​។ រោគ​សញ្ញា​លើ​សត្វ​ស្លាប​រួម​មាន រាក រោម​រួញ ថយ​ចំណង់​អាហារ ហូរ​សំបោរ ទឹករំអិល​ភ្នែក ឬ​ច្រមុះ លាមក​ពណ៌​បៃតង ឬ​លឿង​បៃតង និង​សត្វ​ស្លាប​អាច​ស្លាប់​។ ទោះជា​យ៉ាងណា សត្វ​ស្លាប​ខ្លះ​អាច​ផ្ទុក​បាក់តេរី​ត​ដោយ​មិន​បង្ហាញ​រោគ​ស​ញ្ញ​។ -​ប្រសិនបើ​សង្ស័យ​ថា សត្វ​ស្លាប​ឆ្លង​មេរោគ ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​សត្វ​ផ្សេង​ៗ នាំ​សត្វ​ស្លាប ឈឺ​ទៅ​ជួប​ពេទ្យសត្វ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​សម្អាត បាញ់​សម្លាប់​មេរោគ​ឱ្យ​ទ្រុង ឱ្យ​បាន​ស្អាត ។

រោគ​សញ្ញា​លើ​មនុស្ស​៖

-​រោគ​សញ្ញា​អាច​កើតឡើង​ក្នុង​រយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬ​អាច​ដល់​ទៅ ១ ខែ បន្ទាប់​ពី​ការ​ប៉ះពាល់ រួម​មាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺ​សាច់ដុំ ក្អក ពិបាក​ដកដង្ហើម អស់កម្លាំង ឬ រលាក​សួត​។ ក្នុង ករណី​កម្រ ជំងឺ​អាច​ធ្ងន់ធ្ងរ ត្រូវការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​អាច​មាន​ផលវិបាក ដូច​ជា រលាក​ខួរក្បាល ឬ​រលាក​សាច់ដុំ​បេះដូង​។

-​ភាគច្រើន អ្នកជំងឺ​ជា​សះស្បើយ ប្រសិនបើ​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​។

របៀប​បង្ការ​៖

-​រក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ជា​ប្រចាំ បន្ទាប់​ពី​ប៉ះពាល់​សត្វ​បក្សី ឬ សម្អាត​ទ្រុង​។

-​ចៀសវាង​ការ​ថើប​សត្វ​ស្លាប ឬ​ប៉ះ​ពី​មាត់​ទៅ​ចំពុះ ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​សត្វ​បក្សី​ដែល​ឈឺ ឬ​ងាប់​។

-​រក្សា​អនាម័យ​ទ្រុង និង​កន្លែង​ចិញ្ចឹម​ឱ្យ​ស្អាត និង​មាន​ខ្យល់​ចេញចូល​ល្អ​។

-​ពាក់​ស្រោមដៃ និង​ម៉ាស នៅ​ពេល​សម្អាត​ទ្រុង ឬ​កន្លែង​មាន​កាក​សំណល់​សត្វ​បក្សី ឱ្យ​បាន​ញឹកញាប់ ដើម្បី​កុំឱ្យ​លាមក​កកកុញ ឬ​ស្ងួត ដែល​បង្កើត​ជា​ភាគល្អិត​ដែល​ហើរ​តាម​ខ្យល់​។

-​នាំ​សត្វ​ស្លាប​ឈឺ​ទៅ​ជួប​ពេទ្យសត្វ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

-​ប្រសិនបើ​មនុស្ស​ម្នាក់​មាន​សញ្ញា ដូច​ជា ផ្ដាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺ​សាច់ដុំ ក្អក ពិបាក​ដកដង្ហើម អស់កម្លាំង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​សត្វ​បក្សី សូម​ទៅ​ពិនិត្យ​ពិគ្រោះ​សុខភាព ឱ្យ​បាន​ឆាប់រហ័ស និង​ជម្រាប​ជូន​គ្រូពេទ្យ​អំពី​ប្រវត្តិ​ប៉ះពាល់​សត្វ​បក្សី​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប និង​ថែរក្សា​សុខភាព តាម​របៀប​បង្ការ​ខាងលើ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print