ខេត្តកំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានធ្វេីការស្រាវជ្រាវមុខសញ្ញាចោរកម្មលួចទ្រព្យសម្បត្ដិប្រជាពលរដ្ឋ នៅចំណុចផ្ទះជនរង គ្រោះ ស្ថិតក្នុងភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ឈ្មោះ សៀង នី ភេទស្រី អាយុ ៥៣ឆ្នាំ សម្ភារៈបាត់បង់រួមមាន ៖ (១)ខ្សែកប្រាក់អុីតាលី ក្រូម៉េ ចំនួន ១ខ្សែ (២)ប្រាក់រៀលចំនួន១លាន៦០មុឺន (៣)កាតទូរសព្ទ៥០ដុល្លា (៤)ប័ណ្ណចុងសន្លឹក ២សន្លឹក រួមនិងកាតវ៉ាក់សាំង កាត ប.ស.ស អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ១សន្លឹក ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបរសេដ្ឋ បានឲ្យដឹងនៅថ្ងៃទី៦ខែកុម្ភៈថា ពេលប្រតិបត្ដិការសមត្ថកិច្ចបានចុះទៅកាន់គោលដៅមួយដែលមានព័ត៌មានពាក់ព័ន្ធជនសង្ស័យជាមុខសញ្ញាលួចខាងលេី កំលាំងនគរបាលបានពិនិត្យឃេីញមានមុខសញ្ញា៣ នាក់ (១)-ឈ្មោះ អាំ តាន ភេទប្រុស អាយុ២៦ឆ្នាំ រស់ នៅភូមិព្រៃរំដួលខាងលិច ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (២)- ឈ្មោះ ឆិល រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ (៣)-ឈ្មោះ អែម ភឿន ហៅឡឺម ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ (ជាមុខសញ្ញាមានដីកាចាប់ខ្លួន ចំនួន ៣ ) បានហក់ស្ទុះមកវាយប្រហារមកលេីសមត្ថកិច្ចនគរបាល ប្រើហិង្សាវាយទៅលើសមត្ថកិច្ចលោកវរសេនីយ៍ត្រី ប៉ាន់ ម៉ុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផុងដោយយកដុំឥដ្ឋបណ្ដា លអោយលោកលោកនាយប៉ុស្តិ៍រងរបួសជាទម្ងន់បែកក្បាលផ្នែកខាងក្រោយ និងបាក់ឆ្អឹងកដៃខាងស្ដាំ។
ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ចបានអន្ដរាគមន៍ជួយសង្រ្គោះនាយប៉ុស្ដិ៍រដ្ឋបាលផុង បញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងឆែកឆេររកឃេីញម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿងញៀន ចំនួន៤កញ្ចប់ (មធ្យម១ កញ្ចប់, តូច៣កញ្ចប់) ។
បច្ចុប្បន្នកំលាំងនគរបាលបានឃាត់ខ្លួនមុខសញ្ញាទាំង៣ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋនិង
បញ្ជូនទៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការបន្ដ ករណីមុខសញ្ញាមានដីកាបង្គាប់អោយចាប់ខ្លួនគឺអនុវត្ដបញ្ជូនទៅសាលាដំបូងខេត្ដនិងបន្ដកសាងសំណុំរឿងថ្មីបន្ថែម ៕










