ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់គ្រឿងក្រអូបចំនួន២តូបនៅផ្សារសុភមង្គល ក្បែរផ្សារសាំហាន់ តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីតូបលក់គ្រឿងក្រអូបមួយកន្លែង បន្ទាប់មកមានការឆ្លងចរន្តអគ្គិសនី បែកចេញជាផ្កាភ្លើង ហើយបង្កទៅជាអគ្គិភ័យឆាបឆេះតែម្ដង ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅ ក្នុងភូមិខាងលើ បាននាំគ្នាទាក់ទងទៅតាមសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ។
បន្ទាប់ពីទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីចេញមកអន្តរាគមន៍នៅចំណុចទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជៀសវាងរាលដាលដល់តូបផ្សេងៗទៀត។
ប្រតិបត្តិការនេះឃើញមានវត្តមានលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ចុះមកជួយសម្របសម្រួល អន្តរាគមន៍ដោយផ្ទាល់ផងដែរ ជួយដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ។
ករណីអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងវិញ នៅព្រឹកថ្ងៃខែឆ្នាំដដែលដោយលទ្ធផល គឺឆាបឆេះអស់ចំនួន២តូប និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនះទេ ។
មន្ត្រីជំនាញអគ្គិភ័យបានសន្និដ្ឋានថា ករណីអគ្គិភ័យនេះគឺកើតឡើងដោយការឆ្លងចរន្តអគ្គិសនី រួចបង្កទៅជាអគ្គិភ័យឆាបឆេះទីតាំងលក់គ្រឿងក្រអូបខាងលើនេះ បន្ទាប់ពីពិនិត្យឃើញប្រភពដែលបង្កឱ្យឆេះនិងបានប្រើ ប្រាស់រថយន្តពន្លត់ជាច្រើនគ្រឿងក្នុងការអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គីភ័យខាងលើនេះ៕










