សូមប្រយ័ត្នៗ ! នគរបាល​វៀតណាមបង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន

ចែករំលែក៖

វៀតណាម ៖ នគរបាល​ខេត្ត​ក្វា​ង​ង៉ា​យ ប្រទេស​វៀតណាម បាន​បង្ក្រាប និង​រឹបអូស​សាច់​ជ្រូក​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រាប់​សិប​តោន ដែល​ឈ្មួញ​ត្រៀម​បោះ​ដុំ​តាម​ទីផ្សារ និង​ផ្គត់ផ្គង់​ដល់​រោងចក្រ​កែ​ច្នៃ​សាច់ក្រក​-​សាច់​ប៉ា​តេ ក្នុង​ខេត្ត​មួយ​ដែល​ជាប់​ព្រំដែន​ខេត្តរតនគិរី​នៃ​ប្រទេស​កម្ពុជា ។

នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្វា​ង​ង៉ា​យ បាន​ប្រកាស​ពី​ការ​ចាត់វិធានការ​ច្បាប់​លើ​ករណី​ចំនួន ៤ ផ្សេង​គ្នា ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ផលិតផល​ជ្រូក​មាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​អាហារ​មិន​មាន​សុវត្ថិភាព ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ។

យោង​តាម​សារព័ត៌មាន VN Express ជនសង្ស័យ​ដែល​ជា​ឈ្មួញ​ទាំង ៤ ករណី​រួម​មាន ៖ ១. លោកស្រី Duong (៤៧​ឆ្នាំ​) ៖ ប្រមូល​ទិញ​ជ្រូក​ឈឺ​ធ្ងន់ ៧២​ក្បាល (៧,៨​តោន​) ដឹក​ទៅ​កាន់​ខេត្ត​យ៉ា​ឡាយ (Gia Lai) ដើម្បី​លក់​ឱ្យ​រោងចក្រ​កែ​ច្នៃ​សាច់ក្រក និង​សាច់​ប៉ា​តេ ។

គួរ​កត់​សម្គាល់ថា ខេត្ត​យ៉ា​ឡាយ មាន​ព្រំប្រទល់​ជាប់​ខេត្តរតនគិរី​របស់​កម្ពុជា តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ។

២. លោកស្រី Hoa (៥៥​ឆ្នាំ​) ៖ ពិឃាត​ជ្រូក​មាន​មេរោគ ៨០៦​គីឡូក្រាម សម្រាប់​លក់​ចែកចាយ ។
៣. លោកស្រី Khuyen (៥១​ឆ្នាំ​)៖ ពិឃាត​និង​ជួញដូរ​សាច់​ជ្រូក ២៣៩​គីឡូក្រាម និង​គ្រឿងក្នុង​មាន​មេរោគ ៨​គីឡូក្រាម​។
៤. ករណី​ធំ​ជាងគេ ៖ លោកស្រី Thanh (៥៥​ឆ្នាំ​) នៅ​ស្រុក​ម៉ូ​ឌឹ​ក ត្រូវ​បាន​រក​ឃើញ​ថា​បាន​ស្តុក​ទុក និង​ក្លា​សេ​សាច់​ជ្រូក​មាន​ជំងឺ​ជិត ១៤​តោន ត្រៀម​លក់​លើ​ទីផ្សារ ។

លោក Vo Nang Chuyen ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​ខេត្ត​ក្វា​ង​ង៉ា​យ បាន​ព្រមាន​ថា​៖ «​ប្រសិនបើ​មិន​បាន​បង្ក្រាប​ទាន់​ពេល​ទេ សាច់​ជ្រូក​មាន​ជំងឺ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ នឹង​ក្លាយជា​ឃាតករ​លាក់​មុខ​យាយី​សុខភាព​អ្នក​ប្រើប្រាស់​ដោយ​ផ្ទាល់​» ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​សេដ្ឋកិច្ច ចាប់តាំងពី​ឆ្នាំ​២០២៥ មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​រាលដាល​ស្ទើរ​គ្រប់​ឃុំ​ក្នុង​ខេត្ត​ក្វា​ង​ង៉ា​យ ។ កសិករ​ដែល​បារម្ភ​ពី​ការ​ខាតបង់​បាន​សម្រុក​លក់​ជ្រូក​ឈឺ​ក្នុង​តម្លៃ​ថោក ដែល​ជា​ឱកាស​ឱ្យ​ឈ្មួញ​ទុច្ច រិត​ប្រមូល​ទិញ​យក​ទៅ​កែ​ច្នៃ​យកចំ ណេញ ដោយ​មិន​ខ្វល់​ពី​ហានិភ័យ​សាធារណៈ ។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​តាម​ទីផ្សារ​ប្រពៃណី​នានា បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភព​សាច់​ជ្រូក ។

...

លោក​វរសេនីយ៍ទោ Doan Duong អនុប្រធាន​នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ក្វា​ង​ង៉ា​យ សង្កត់ធ្ងន់​ថា កម្លាំង​ជំនាញ​កំពុង​ពង្រឹង​ការ​ត្រួតពិនិត្យ​តាមដាន​គ្រប់​ខ្សែ​សង្វា​ក់​ដឹក​ជញ្ជូន និង​ទី​សត្តឃាត ដើម្បី​ស្វែងរក​និង​ចាត់វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​រាល់​ការ​បំពាន​ដែល​ប៉ះពាល់​ដល់​សុខុមាលភាព​ពលរដ្ឋ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print