បុរសម្នាក់ជិះម៉ូតូគេចពីរថយន្តឈប់ពីមុខត្រូវរថយន្តកុងតឺន័រមកពីក្រោយកៀររួចកិនពីលើបណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​នៅពេលជិះម៉ូតូលឿនគេចពីរថយន្តឈប់នៅពីមុខ​និងបង្អង់ល្បឿនត្រូវរថយន្តកុងតឺន័រមកពីក្រោយបើកកៀរបណ្តាលឱ្យដួលចូលក្រោមកង់រថយន្តរួចកិនពីលើបែកក្បាល ហើយរថយន្តបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០ នាទីយប់ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ នៅចំណុចក្បែរភ្លើងស្តុបបារគូ ស្ថិតនៅលើផ្លូវលេខ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកHONDA CLICK ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កំពង់ធំ 1P-4025 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះពេលជិះមកដល់ចំណុចក្បែរស្តុបបារគូស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងមិនចាំស្លាកលេខបើកឈប់នៅពីមុខធ្វើឱ្យជនរងគ្រោះអកហ្សឺបង្អង់ល្បឿនស្របពេលរថយន្តកុងតឺន័របើកមកពីក្រោយលឿនក៏ជ្រុលទៅកៀរបណ្ដាលឲ្យដួលមូ៉តូរួចកិនពីលើជនរងគ្រោះស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តកុងតឺន័រក៏បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល ភ្លាមៗនោះដែរប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឃើញក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុផងដែរ។

...

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះអាសន្ន ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តសមត្ថកិច្ចនឹងធ្វើការតាមស្រាវជ្រាវនៅពេលក្រោយដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print