កម្លាំងចម្រុះខេត្តមណ្ឌលគិរីចុះរុះរើនិងបង្ក្រាបការរុករករ៉ែខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរីបានធ្វើប្រតិបត្តិការរយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងយុទ្ធនាការទ្រង់ ទ្រាយធំចុះអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រឃុំស្រែហ៊ុយ ស្រុកកោះញែក។

សេចក្តីរាយការណ៍ថ្ងៃទី២០ កុម្ភៈ ២០២៦ បានឲ្យដឹងថា ដំណាក់កាលទីមួយ នៅថ្ងៃទី១៧ ខែកុម្ភៈ ២០២៦ ក្រុម ការងារចម្រុះសរុប៦២នាក់ ដឹកនាំដោយមន្ទីរបរិស្ថាន, មន្ទីររ៉ែ និងថាមពល និងគណៈបញ្ជាការឯកភាពស្រុកកោះញែក បានចុះទៅកាន់ទីតាំងចំនួន ៣ កន្លែង (ពាមអូទេន, ទួលភ្នំលូងឈូង និងអូទេន) ដើម្បីផ្សព្វផ្សាយក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនោះ មន្ត្រីជំនាញបានរកឃើញប្រជាពលរដ្ឋសរុបចំនួន ២៧៣ នាក់ កំពុងធ្វើសកម្មភាពរុករករ៉ែខុសច្បាប់ និងបានដាក់ឱសានវាទឱ្យពួកគេចាកចេញពីទីតាំងយ៉ាងយូរបំផុតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ។

សេចក្តីរាយការណ៍បន្តថា នៅដំណាក់កាលទីពីរ គឺការ អនុវត្តច្បាប់ និងការកម្ទេចឧបករណ៍ល្មើស បន្ទាប់ពីផុត កំណត់ឱសានវាទនៅថ្ងៃទី១៨ខែកុម្ភៈកម្លាំងចម្រុះចំនួន ៤៩នាក់ ចុះពិនិត្យទីតាំងជាក់ស្តែង។ ជាលទ្ធផល ក្រុម ការងារបានសម្រេចរុះរើ និងដុតបំផ្លាញចោលឧបករណ៍រ៉ែងមាសសរុបចំនួន ៨៩ទរ នៅតាមចំណុចគោលដៅចំនួន ៥ កន្លែងផ្សេងៗគ្នា។ ចំពោះប្រជាពលរដ្ឋ ២៧៣ នាក់ ដែលបានជួបកាលពីថ្ងៃដំបូង បានស្ម័គ្រចិត្តចាក ចេញពីទីតាំងស្ទើរតែទាំងស្រុង លើកលែងតែ ២១នាក់ ដែលសុំពន្យារពេលដល់ល្ងាចដើម្បីជួសជុលម៉ូតូ។

សេចក្តីរាយការណ៍ចុងក្រោយឲ្យដឹងថា គឺនៅដំណាក់ កាលទីបី ការបន្តបង្ក្រាប និងការចុះពិនិត្យបច្ចេកទេស យុទ្ធនាការបានបន្តរហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ដោយកម្លាំងចម្រុះបានបន្តចុះទប់ស្កាត់ និងបោសសម្អាតបទ ល្មើសដែលនៅសេសសល់។ ក្នុងនោះបានដុតបំផ្លាញជំរុំរុករករ៉ែខុសច្បាប់ចំនួន១កន្លែង និងដកហូត វត្ថុតាងមួយចំនួន រួមមានផ្លែចបកាប់ដី និងចានរ៉ែងមាស។

លោក ហៃ គីមលាំង អនុប្រធាននាយកដ្ឋានរ៉ែ និងថាមពល ក៏បានចុះពិនិត្យបច្ចេកទេសផ្ទាល់នៅចំណុចលុងឈូង ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសកម្មភាពជីករ៉ែអនាធិបតេយ្យក្នុងតំបន់ខាងលើ។ ក្នុងប្រតិបត្តិការដ៏តឹងរ៉ឹងនេះ គឺជាសារអប់រំនិងព្រមានយ៉ាងខ្លាំងក្លារបស់អាជ្ញាធរខេត្តមណ្ឌលគិរី ចំពោះសកម្មភាពរុករករ៉ែខុស ច្បាប់ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ ការពារធម្មជាតិ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តតាម ដានយ៉ាងហ្មត់ចត់ ដើម្បីធានាថា គ្មានការវិលត្រឡប់មកប្រព្រឹត្តបទល្មើសសារជាថ្មី ក្នុងដែនជម្រកសត្វព្រៃស្រែពកឡើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print