ពីការលក់ទំនិញតម្លៃ ៥០ ដុល្លារនៅលើ eBay ទៅកាន់ក្រុមហ៊ុន AI តម្លៃ ២.៥ ពាន់លានដុល្លារ៖ តើ Ali Ansari កើតនៅអ៊ីរ៉ង់ កំពុងខិតជិតក្លាយជាមហាសេដ្ឋីនៅវ័យ ២៥ ឆ្នាំដូចម្តេច?
នៅវ័យ ២៥ ឆ្នាំ សហគ្រិនកំណើតអ៊ីរ៉ង់ Ali Ansari កំពុងដឹកនាំក្រុមហ៊ុន micro1 ដែលជាក្រុមហ៊ុនដាក់ស្លាកទិន្នន័យ (data labeling) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានវាយតម្លៃប្រហែល ២.៥ ពាន់លានដុល្លារ។ តម្លៃនេះអាចធ្វើឲ្យគាត់ក្លាយជាមនុស្សវ័យក្មេងបំផុតម្នាក់ក្នុងចំណោមមហាសេដ្ឋីពិភពលោក។
micro1 ជ្រើសរើស និងគ្រប់គ្រងអ្នកជំនាញមនុស្សរាប់ពាន់នាក់ រួមមាន អ្នកសរសេរកូដ មេធាវី គ្រូពេទ្យ សាស្ត្រាចារ្យ និងអ្នកវិភាគហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងកែសម្រួលលទ្ធផលពីប្រព័ន្ធ AI ដូចជា ChatGPT។ មតិយោបល់របស់ពួកគេក្លាយជាទិន្នន័យបណ្តុះបណ្តាល ធ្វើឲ្យម៉ូឌែល AI មានភាពត្រឹមត្រូវ និងយល់បរិបទកាន់តែល្អ។
មួយឆ្នាំមុន micro1 គ្រាន់តែជាសេវាកម្មជ្រើសរើសបុគ្គលិកដោយប្រើ AI ដែលរកចំណូលប្រហែល ៧ លានដុល្លារក្នុងមួយឆ្នាំ។ បន្ទាប់ពីប្តូរទិសទៅវិស័យដាក់ស្លាកទិន្នន័យសម្រាប់បណ្តុះបណ្តាល AI ចំណូលប្រចាំឆ្នាំបានកើនលើស ១០០ លានដុល្លារ ក្នុងរយៈពេលតែ ៨ ខែ។ ដើមឆ្នាំ ២០២៦ ចំណូលនោះបានលើស ២០០ លានដុល្លារ។ វិនិយោគិនបានវាយតម្លៃក្រុមហ៊ុនប្រហែល ២.៥ ពាន់លានដុល្លារ។
បើតម្លៃនេះនៅថេរ ឬកើនឡើង ភាគហ៊ុន ៤២% របស់ Ansari អាចមានតម្លៃលើស ១ ពាន់លានដុល្លារ តាមការប៉ាន់ស្មានរបស់ Forbes។
Ansari និងគ្រួសារបានផ្លាស់ទីពីអ៊ីរ៉ង់ទៅទីក្រុង Los Angeles ពេលគាត់អាយុ ១០ ឆ្នាំ។ គាត់មិនទាន់ស្ទាត់ភាសាអង់គ្លេស ហើយជាញឹកញាប់មានបញ្ហានៅសាលា។ ប្រាក់ដំបូងដែលគាត់រកបាន គឺលក់ស្បែកជើងរបស់ឪពុកនៅលើ eBay ក្នុងតម្លៃ ៥០ ដុល្លារ បន្ទាប់ពីម្តាយជំរុញឲ្យគាត់ប្រើទូរស័ព្ទដើម្បីរកប្រាក់ ជំនួសឲ្យចំណាយពេលលេង។
បន្ទាប់ពីនោះ គាត់ជិះកង់ស្វែងរកទំនិញពីការលក់នៅមុខផ្ទះ (garage sale) ដើម្បីយកមកលក់បន្តតាមអ៊ីនធឺណិត។ នៅថ្នាក់មធ្យម គាត់បានបង្កើតអាជីវកម្មលក់សៀវភៅសិក្សាបន្ត ដោយបែងចែកជញ្ជាំងបន្ទប់ជាពីរផ្នែក “មិនទាន់បង្ហោះ” និង “បានបង្ហោះលក់”។ នៅអាយុ ១៦ ឆ្នាំ គាត់លក់សៀវភៅបានលើស ១០០.០០០ ដុល្លារ។
នៅវិទ្យាល័យ គាត់បើកវេទិកាបង្រៀនគណិតវិទ្យាអនឡាញ ហើយលក់វាក្រោយបញ្ចប់ការសិក្សា ដោយរកប្រាក់ចំណេញចំនួន “រាប់សិបម៉ឺនដុល្លារ”។ ឆ្នាំ ២០១៩ គាត់ចូលរៀននៅសាកលវិទ្យាល័យ California, Berkeley ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងគណិតវិទ្យា។
ខណៈកំពុងសិក្សា គាត់បានបើកក្រុមហ៊ុនសូហ្វវែរ បង្កើតគេហទំព័រឲ្យអាជីវកម្មតូចៗ។ ការជ្រើសរើសវិស្វករប្រើពេលច្រើន ដូច្នេះគាត់បង្កើតឧបករណ៍ AI ដើម្បីជួយសម្រួលការសម្ភាសន៍។ ឧបករណ៍នេះបានវិវត្តទៅជាក្រុមហ៊ុន micro1។ ពេលវេទិកាជ្រើសរើសបុគ្គលិកដោយ AI រកចំណូលលើស ១ លានដុល្លារប្រចាំឆ្នាំ គាត់បានបិទអាជីវកម្មប្រឹក្សា ដើម្បីផ្តោតលើ micro1 ទាំងស្រុង។
ចំណុចបម្លែងសំខាន់មកដល់ ពេលក្រុមហ៊ុនដាក់ស្លាកទិន្នន័យធំមួយ ទាក់ទងមកសុំជំនួយជ្រើសរើសបុគ្គលិក។ គាត់បាននិយាយថា វាជាគម្រោងធំធេង និងបំភ្លឺភ្នែកយ៉ាងខ្លាំង។ បន្ទាប់មក គាត់បានប្តូរទិសទៅវិស័យដាក់ស្លាកទិន្នន័យ ដែលកំពុងរីកចម្រើនយ៉ាងលឿននៅ Silicon Valley។
Ansari ប៉ាន់ស្មានថា មន្ទីរពិសោធន៍ AI ធំៗចំណាយប្រហែល ១៥ ពាន់លានដុល្លារប្រចាំឆ្នាំសម្រាប់បណ្តុះបណ្តាល AI ហើយអាចលើស ១០០ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ខណៈមានអ្នកវិភាគខ្លះបារម្ភថា បុគ្គលិកកំពុងបណ្តុះបណ្តាលប្រព័ន្ធដែលអាចជំនួសពួកគេនាពេលអនាគត Ansari មើលឃើញវាជាវិស័យការងារថ្មីមួយ។
ឧស្សាហកម្មនេះបានបង្កើតមហាសេដ្ឋី AI ថ្មីៗជាច្រើន។
ទោះបីជាជោគជ័យកើនឡើង Ansari និយាយថាគាត់មិនមានពេលសម្រាកទេ គាត់ចំណាយពេលស្តាប់ podcast អាជីវកម្ម និងអានអំពីសហគ្រិនដូចជា Elon Musk។
ក្រោយប្រមូលទុន ២ លានដុល្លារ ក្នុងឆ្នាំ ២០២៣ គាត់បានជួបប្រទះ panic attack មួយ ប៉ុន្តែក្រោយមកអាចឆ្លងកាត់វាបាន។
ថ្មីៗនេះ micro1 បានពង្រីកទៅវិស័យរ៉ូបូតិក ដោយជ្រើសរើសមនុស្សប្រហែល ១,០០០ នាក់ ពី ៦០ ប្រទេស ដើម្បីថតវីដេអូធ្វើកិច្ចការផ្ទះ ដូចជា បត់ខោអាវ សម្រាប់បណ្តុះបណ្តាលប្រព័ន្ធរ៉ូបូត។
គាត់និយាយថា គាត់អាចនឹងក្លាយជាមហាសេដ្ឋីជនជាតិ Persian វ័យក្មេងបំផុតលើពិភពលោក ហើយសង្ឃឹមថានឹងក្លាយជាការបំផុសគំនិតដល់ជនជាតិអ៊ីរ៉ង់៕










