កម្ពុជា-ឥណ្ឌា កំពុងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម​ រវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) បានរៀបចំកិច្ចជួបពិភាក្សា ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ រវាងឥណ្ឌា និងកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនចំនួនភ្ញៀវទេសចរចូល និងចេញ រវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាដែលត្រូវបានរៀបចំ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្រោមចំណងជើង “ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ រវាងឥណ្ឌា និងកម្ពុជា” ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌា។

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។ លោកបន្តថា អាទិភាពនេះមានមូលដ្ឋានលើទំនាក់ទំនងអរិយធម៌យូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រច្រើនសតវត្សរ៍ ហើយការភ្ជាប់ខាងវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររវាងប្រជាជនទាំងពីរ ជាគ្រឹះរឹងមាំសម្រាប់ពង្រីកការផ្លាស់ប្តូរទេសចរណ៍ និងពង្រឹងទំនាក់ទំនងប្រជាជននឹងប្រជាជន។ លោកបញ្ជាក់ថា៖« ពេលវេលាបច្ចុប្បន្នគឺសមស្របសម្រាប់រដ្ឋាភិបាល និងវិស័យឯកជនទាំងពីរ ក្នុងការរៀបចំផែនទីបង្ហាញផ្លូវរួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍»។

លោក Ky Sereyrachana អនុប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា បានធ្វើបទបង្ហាញស្តីពី “ទេសចរណ៍ និងពាណិជ្ជកម្មធ្វើដំណើរទ្វេភាគី ឥណ្ឌា–កម្ពុជា៖ ឱកាស និងបញ្ហាប្រឈម” ដោយលើកឡើងអំពីកិច្ចសហការកន្លងមក និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍។ លោកបញ្ជាក់ថាព្រឹត្តិការណ៍នេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមពីភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការភ្ជាប់ស្ថាប័ន លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបើកទូលាយសក្តានុពលវិស័យទេសចរណ៍ដ៏ធំធេងរវាងឥណ្ឌា និងកម្ពុជា។

លោកស្រី Chandelice Voeung សមាជិកក្រុមប្រឹក្សាភិបាល CATA បានចែករំលែកបទពិសោធន៍អំពីការធ្វើដំណើររបស់ភ្ញៀវកម្ពុជាទៅឥណ្ឌា ដោយបញ្ជាក់ថា ឥណ្ឌានៅតែជាគោលដៅទាក់ទាញសម្រាប់ទេសចរណ៍បួងសួង ការស្វែងយល់ផ្នែកសាសនា ការព្យាបាលវេជ្ជសាស្ត្រ និងទេសចរណ៍វប្បធម៌។

កិច្ចប្រជុំនេះបានក្លាយជាវេទិកាសំខាន់សម្រាប់ពង្រឹងការចូលរួមរវាងភាគីពាក់ព័ន្ធ យល់ដឹងអំពីបញ្ហាប្រឈមនានាក្នុងការលើកកម្ពស់ពាណិជ្ជកម្មទេសចរណ៍ទ្វេភាគី និងស្វែងរកឱកាសអនុវត្តជាក់ស្តែង ដើម្បីធ្វើឱ្យការសម្រួលដល់ភ្ញៀវទេសចរមានប្រសិទ្ធភាពខ្ពស់។

...

បើតាមស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងឆ្នាំ២០២៣ មានភ្ញៀវកម្ពុជាចំនួន ៨,១៦៥ នាក់ បានធ្វើដំណើរទៅឥណ្ឌា។ ចំនួននេះបានកើនឡើងដល់ ១១,៣២៦ នាក់ ក្នុងឆ្នាំ២០២៤ គឺកើនឡើងប្រមាណ ៣៨ ភាគរយ ក្នុងរយៈពេលមួយឆ្នាំ។ ប្រហែល ៨០,០០០ នាក់ ភ្ញៀវឥណ្ឌាបានមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០២៤ ខណៈការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៥ មានប្រហែល ៧២,០០០ នាក់។ ទិន្នន័យទាំងនេះបង្ហាញពីការចាប់អារម្មណ៍រួមដ៏ខ្លាំង និងសក្តានុពលធំធេងសម្រាប់ការកើនឡើងបន្ថែម តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយដោយមានគោលដៅ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print