រដ្ឋនឹងផ្តល់ថវិកាប្រមាណ១លាន៨០ម៉ឺនរៀលជូនគ្រួសារក្រីក្រគោលដៅនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ចន ណារិទ្ធិ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម​ បានមានប្រសាសន៍ថា​ តាមរយៈកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ថវិកាសរុបប្រមាណជិត១លាន ៨០ម៉ឺនរៀលជូនគ្រួសារក្រីក្រគោលដៅនីមួយៗ ក្នុងចំណោមគ្រួសារចំនួន៥០០០ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ បន្ថែមលើប្រាក់ឧបត្ថម្ភប្រចាំខែរបស់រាជរដ្ឋាភិបាលផ្តល់ជូនពួកគាត់តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

កាលពីពេលថ្មីនេះកន្លងទៅនេះ​ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម​រូបនេះ​ បានរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ កាលពីដើមខែធ្នូ ឆ្នាំ២០២៥កន្លងទៅថ្មីៗដោយ ចាប់ផ្តើមអនុវត្តមុនគេ ក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង និង ស្រុករវៀង នៃខេត្តព្រះវិហារលើគ្រួសារគោលដៅចំនួន ៥ ០០០ គ្រួសារដែលជាគ្រួសារក្រីក្រមានបណ្ណសមធម៌។

បើតាមលោក ចន ណារិទ្ធិ ការដាក់ចេញនូវកម្មវិធីនេះជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងដំណើរនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយឈរលើអភិក្រម ៖ «ពង្រឹងប្រព័ន្ធ ដើម្បីពង្រីកការគ្របដណ្តប់» និង ឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់», សំដៅបន្តអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងភាពធន់របស់ពលរដ្ឋ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាស្របតាមចក្ខុវិស័យដ៏ពិសិដ្ឋ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនោះគឺ៖«ការបង្រៀនពលរដ្ឋ ស្ទូចត្រី, បន្ថែមលើការផ្តល់ត្រី ដល់ពួកគាត់» ។

...

គួរគូសបញ្ជាក់ជូនថាតាមរយៈកម្មវិធីនេះ, គ្រួសារនីមួយៗនឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នា ចំនួន ៤ សំខាន់ៗ សម្រាប់រយៈពេល ២៤ ខែ រួមមាន៖ ១). ការបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត, ២). ការឧបត្ថម្ភសាច់ប្រាក់សម្រាប់ចូលរួមវគ្គបណ្តុះបណ្តាល និងបង្វឹក, ៣). ការផ្តល់ប្រាក់ដើមទុនសម្រាប់ទិញទ្រព្យសកម្ម, និង ៤). ការចុះសួរសុខទុក្ខ និងបង្វឹកតាមខ្នងផ្ទះ (Home visit and coaching)។ កម្មវិធីនេះនឹងបន្តពង្រីកវិសាលភាពជាជំហានៗ ដោយមានគោលដៅ ជំរុញគ្រួសារគោលដៅសរុបប្រមាណ ២០ម៉ឺន គ្រួសារឱ្យស្ថិតលើគន្លងនៃការចាកចេញពីភាពក្រីក្រ សម្រាប់រយៈពេល ១០ ឆ្នាំ, ពោលគឺចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៦៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print