ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) បានរៀបចំកិច្ចជួបពិភាក្សា ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ រវាងឥណ្ឌា និងកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើនចំនួនភ្ញៀវទេសចរចូល និងចេញ រវាងប្រទេសទាំងពីរ។
កិច្ចពិភាក្សាដែលត្រូវបានរៀបចំ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ក្រោមចំណងជើង “ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មពាក់ព័ន្ធនឹងការធ្វើដំណើរ រវាងឥណ្ឌា និងកម្ពុជា” ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌា។
លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។ លោកបន្តថា អាទិភាពនេះមានមូលដ្ឋានលើទំនាក់ទំនងអរិយធម៌យូរអង្វែងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រច្រើនសតវត្សរ៍ ហើយការភ្ជាប់ខាងវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររវាងប្រជាជនទាំងពីរ ជាគ្រឹះរឹងមាំសម្រាប់ពង្រីកការផ្លាស់ប្តូរទេសចរណ៍ និងពង្រឹងទំនាក់ទំនងប្រជាជននឹងប្រជាជន។ លោកបញ្ជាក់ថា៖« ពេលវេលាបច្ចុប្បន្នគឺសមស្របសម្រាប់រដ្ឋាភិបាល និងវិស័យឯកជនទាំងពីរ ក្នុងការរៀបចំផែនទីបង្ហាញផ្លូវរួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍»។
លោក Ky Sereyrachana អនុប្រធាននាយកដ្ឋានទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍អន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា បានធ្វើបទបង្ហាញស្តីពី “ទេសចរណ៍ និងពាណិជ្ជកម្មធ្វើដំណើរទ្វេភាគី ឥណ្ឌា–កម្ពុជា៖ ឱកាស និងបញ្ហាប្រឈម” ដោយលើកឡើងអំពីកិច្ចសហការកន្លងមក និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍។ លោកបញ្ជាក់ថាព្រឹត្តិការណ៍នេះបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមពីភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការភ្ជាប់ស្ថាប័ន លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបើកទូលាយសក្តានុពលវិស័យទេសចរណ៍ដ៏ធំធេងរវាងឥណ្ឌា និងកម្ពុជា។
លោកស្រី Chandelice Voeung សមាជិកក្រុមប្រឹក្សាភិបាល CATA បានចែករំលែកបទពិសោធន៍អំពីការធ្វើដំណើររបស់ភ្ញៀវកម្ពុជាទៅឥណ្ឌា ដោយបញ្ជាក់ថា ឥណ្ឌានៅតែជាគោលដៅទាក់ទាញសម្រាប់ទេសចរណ៍បួងសួង ការស្វែងយល់ផ្នែកសាសនា ការព្យាបាលវេជ្ជសាស្ត្រ និងទេសចរណ៍វប្បធម៌។
កិច្ចប្រជុំនេះបានក្លាយជាវេទិកាសំខាន់សម្រាប់ពង្រឹងការចូលរួមរវាងភាគីពាក់ព័ន្ធ យល់ដឹងអំពីបញ្ហាប្រឈមនានាក្នុងការលើកកម្ពស់ពាណិជ្ជកម្មទេសចរណ៍ទ្វេភាគី និងស្វែងរកឱកាសអនុវត្តជាក់ស្តែង ដើម្បីធ្វើឱ្យការសម្រួលដល់ភ្ញៀវទេសចរមានប្រសិទ្ធភាពខ្ពស់។
បើតាមស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងឆ្នាំ២០២៣ មានភ្ញៀវកម្ពុជាចំនួន ៨,១៦៥ នាក់ បានធ្វើដំណើរទៅឥណ្ឌា។ ចំនួននេះបានកើនឡើងដល់ ១១,៣២៦ នាក់ ក្នុងឆ្នាំ២០២៤ គឺកើនឡើងប្រមាណ ៣៨ ភាគរយ ក្នុងរយៈពេលមួយឆ្នាំ។ ប្រហែល ៨០,០០០ នាក់ ភ្ញៀវឥណ្ឌាបានមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០២៤ ខណៈការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៥ មានប្រហែល ៧២,០០០ នាក់។ ទិន្នន័យទាំងនេះបង្ហាញពីការចាប់អារម្មណ៍រួមដ៏ខ្លាំង និងសក្តានុពលធំធេងសម្រាប់ការកើនឡើងបន្ថែម តាមរយៈកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយដោយមានគោលដៅ៕
ដោយ៖តារា










