ប្រសិនបើភាគីថៃអះអាងថា ខ្លួនគ្មានកំហុស និងមិនបានរំលោភអធិបតីភាពកម្ពុជា នោះការទទួលយកការចូលរួមពីភាគីទី៣ គួរតែជាជំហានធម្មតា និងសមស្របបំផុត។ ការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព មិនមែនជាការគំរាមកំហែងទេ ប៉ុន្តែជាវិធីសាស្ត្រដើម្បីបញ្ជាក់សេចក្តីពិត។
សំណួរនេះមិនមែនជាការលើកសម្ពាធនយោបាយឡើយ ប៉ុន្តែជាសំណួរផ្អែកលើតក្កវិជ្ជាសាមញ្ញ៖ បើគ្មានអ្វីត្រូវលាក់បាំង ហេតុអ្វីត្រូវខ្លាចការត្រួតពិនិត្យ?
ការបដិសេធភាគីទី៣ ប្រែជាសញ្ញាធ្វើឲ្យសហគមន៍អន្តរជាតិមានការសង្ស័យកាន់តែខ្លាំង។ នៅក្នុងប្រព័ន្ធអន្តរជាតិ សេចក្តីពិតត្រូវបានការពារដោយច្បាប់ មិនមែនដោយពាក្យសម្តី។
តម្លាភាពមិនមែនជាអ្វីគួរឱ្យភ័យខ្លាច
ក្នុងករណីវិវាទព្រំដែន ឬការចោទប្រកាន់អំពីការបំពានច្បាប់អន្តរជាតិ ប្រទេសជាច្រើនបានយកវិធីសាស្ត្រផ្លូវច្បាប់ ដោយបញ្ជូនករណីទៅកាន់ International Court of Justice ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធផ្សេងៗ។ ការធ្វើបែបនេះ មិនមែនជាការសារភាពកំហុសទេ ប៉ុន្តែជាការបង្ហាញថាប្រទេសមួយមានទំនួលខុសត្រូវ និងគោរពច្បាប់អន្តរជាតិ។
ប្រវត្តិសាស្ត្រក៏បង្ហាញថា កម្ពុជា និងថៃធ្លាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់អន្តរជាតិ ដូចករណីប្រាសាទព្រះវិហារ ដែលត្រូវបានសម្រេចដោយ International Court of Justice។ នេះបង្ហាញថា យន្តការអន្តរជាតិមិនមែនជារឿងថ្មី ឬមិនអាចទទួលយកបានឡើយ។
ដំរីស្លាប់មិនអាចយកចង្អេរបាំងជិតឡើយ
នៅសម័យដែលព័ត៌មានរីករាលដាលយ៉ាងលឿន និងសហគមន៍អន្តរជាតិផ្តោតលើសិទ្ធិមនុស្ស និងអធិបតីភាពរដ្ឋ ការបិទទ្វារមិនអាចជាជម្រើសយូរអង្វែងបានឡើយ។ ការមិនព្រមទទួលយកភាគីទី៣ អាចនាំឲ្យមានសម្ពាធអន្តរជាតិខ្លាំងឡើង និងប៉ះពាល់ដល់ភាពជឿជាក់លើឆាកអន្តរជាតិ។
ប្រទេសដែលជឿជាក់លើភាពត្រឹមត្រូវរបស់ខ្លួន មិនត្រូវការពារខ្លួនដោយការបដិសេធតម្លាភាពទេ។ ផ្ទុយទៅវិញ ការបើកចំហ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យឯករាជ្យ គឺជាវិធីបង្ហាញភាពជឿជាក់ និងសេចក្តីស្មោះត្រង់។
សារច្បាស់ទៅភាគីថៃ
បើថៃពិតជាគ្មានកំហុស ការទទួលយកភាគីទី៣ គឺជាវិធីល្អបំផុតក្នុងការបញ្ចប់ការសង្ស័យ និងស្តារជំនឿទុកចិត្តពីសហគមន៍អន្តរជាតិ។ បើមិនដូច្នោះទេ សំណួរអំពីអ្វីដែលកំពុងត្រូវលាក់បាំង នឹងបន្តកើនឡើង និងក្លាយជាបញ្ហាធំជាងមុន។
-ក្នុងសង្គមអន្តរជាតិ សេចក្តីពិតមិនអាចត្រូវបានបិទបាំងជារៀងរហូតបានទេ។
-ប្រទេសដែលគោរពច្បាប់ មិនខ្លាចការពិនិត្យ។
-ប្រទេសដែលជឿលើសេចក្តីពិត មិនខ្លាចតម្លាភាព៕
ដោយ ៖ លោកតា










