ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កម្ពុជាទទួលបានប្រាក់ចំណូលចំនួនជាង ១៤,៥៣ លានដុល្លារ ពីការនាំចេញផ្លែចេកស្រស់ នៅក្នុងខែមករាឆ្នាំ ២០២៦ កើនឡើង ២៥,៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់។
ចំណែកអ្នកស្រី ហេង ដាវី ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ក៏បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចម្ការពី ៦ ទៅ ៧ ពាន់ស្និត ដែលមានចាប់ពី ៣ ដល់ ១០ កុងតឺន័រ ដើម្បីវេចខ្ចប់នាំចេញទៅទីផ្សារប្រទេសចិន និងជប៉ុន។
ដោយឡែកយោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានចំនួនជាង ១៧៨ លានដុល្លារ ពីការនាំចេញផ្លែចេកស្រស់ កើនឡើង ១៦,៨៣% ធៀបនឹងឆ្នាំ ២០២៤។ សូមជម្រាបជូនថា កម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ៕
ដោយ៖តារា










