ខេត្តស្វាយរៀង៖ តំណាងអាជីវករលក់ដូរខាងក្នុងផ្សារប្រមាណជាង១០នាក់លើកគ្នាមកតវ៉ាដល់មុខសាលាខេត្តស្វាយរៀងដើម្បីដាក់ពាក្យបណ្ដឹង និងមានទាំងស្នាមមេដៃ២៩នាក់តវ៉ាពីរឿងលក់ដូរមិនដាច់ ព្រោះថាអ្នកលក់នៅខាងក្នុងខ្លះនាំគ្នាចេញមកលក់នៅខាងក្រៅថែមទាំងយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យនិងស្ទះចរាចរណ៍គ្មានផ្លូវចូលផ្សារ។
បើតាមតំណាងក្រុមអាជីវករបានឲ្យដឹងថា បានជាពួកគាត់នាំគា្នមកតវ៉ាដោយសារពួកគាត់លក់មិនដាច់ព្រោះអាជីវករមួយចំនួនបាននាំគ្នាចេញមកលក់ក្រៅនៅលើចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ ហើយពួកគាត់លក់ខាងក្នុងស្ងាត់ដូចយប់គ្មានភ្ញៀវចូលមកទិញដល់កន្លែងពួកគាត់ទេ ព្រោះអ្នកលក់ចេញទៅក្រៅលក់លើដងផ្លូវជុំវិញផ្សារ ហើយនៅខាងក្នុងវិញគឺស្រឡះគ្មានអ្នកលក់ទេនៅតែពួកគាត់មួយចំនួនដែលជាអ្នកគោរពច្បាប់មិនហ៊ានចេញទៅលក់ក្រៅព្រោះអាជ្ញាធរបានចុះរៀបចំជាញឹកញាប់ដែរ តែអាជីករមួយចំនួននេះមិនគោរពច្បាប់ចង់និយាយម៉េចក៏និយាយទៅពួកគេមិស្ដាប់ឡើយ។
ប្រភពខាងលើបានបន្តទៀតថា អាជីករទាំងអស់ទោះបីជាលក់ដាច់ឬមិនដាច់ក៌៏ដោយអ្នកម៉ៅការភាស៊ីយកមិនចុះមួយកាក់មួយសេនដែរបង់ជូនជារៀងរាល់ថ្ងៃមិនដែលខាន។ អញ្ចឹងហើយបានជាពួកគាត់នាំគ្នាទៅតវ៉ាដល់សាលាខេត្តសុំឲ្យលោកភិបាលខេត្តជួយអន្តរាគមន៍រៀបសណ្ដាប់ធ្នាប់និងគៀងគរអាជីវករឲ្យចូលមកលក់ខាងក្នុងទាំងអស់គ្នាវិញទោះបីលក់ដាច់ឬមិនដាច់ក៏ពួកគាត់មិនតវ៉ាដែរ។ ប្រភពដដែលបានបន្តថា ជាពិសេសរឿងសំរាមដែលលោកស្រីសូ ថាវីជាមេម៉ៅការភាស៊ីឲ្យអាជីករនាំគ្នាយកសំរាមចាក់លើដងផ្លូវសាធារណៈធ្វើឲ្យប៉ះពលដល់អ្នកធ្វើដំណើរ និងផ្ទះជួរសងខាងតាមដងផ្លូវធុមក្លិនស្អុយពិបាកទ្រំប៉ះពាល់ដល់សុខភាពដល់អ្នកដទៃ សូមឲ្យអាជ្ញាធរជួយចុះពិនិត្យមើលផង។
បើតាមលោកសំ ប៊ុនណ្ណារិន អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា ចំពោះរឿងអាជីវករដាក់ពាក្យបណ្ដឹងតវ៉ាគ្នានោះលោកក៏បានទទួលនិងចូលរួមចំណែកជាមួយនិងក្រុមការងារគណៈកម្មការចុះទៅដោះស្រាយ និងរៀបចំសណ្ដាប់ធ្នាប់តាមបែបផែនតាមច្បាប់មិនឲ្យបងប្អូនអាជីករមួយចំនួនចេះតែនាំគ្នាមកលក់ដូរពាសពេញលើដងផ្លូវសាធារណៈនោះទេ។ លោកក៏បានសំណូមពរដល់អាជីវករទាំងអស់ដែលមានតូបនៅក្នុងផ្សារត្រូវចូលលក់ក្នុងផ្សារវិញ រីឯអ្នកដែលមិនមានតូបក្នុងផ្សារប្រធានគណៈកម្មការ និងរៀបចំឲ្យពួកគាត់មានតូបលក់នៅក្នុងទាំងអស់គ្នា៕
ដោយ៖ យឹម សុថាន
...