ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ខេត្តមណ្ឌលគិរី។ សម្ដេចតេជោបានរំលឹកពីអតីតនៃខេត្តមណ្ឌលគិរី ដែលពីមុននិងឥឡូវគឺខុសគ្នាដាច់ស្រឡះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជាច្រើន ត្រូវបានកើតឡើងដូចជាផ្លូវជាតិលេខ៧៦ ពីមណ្ឌលគិរីទៅរតនគិរី និងទៅកាន់ទីក្រុងភ្នំពេញដែលពីមុនធ្វើដំណើរជាច្រើនថ្ងៃ។ តែពេលនេះធ្វើដំណើរតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ សម្ដេចតេជោ បារំលឹកអាជ្ញាធរខេត្តគ្រប់លំដាប់ត្រូវជំរុញការចុះឈ្មោះបោះឆ្នោតអោយបានឆាប់រហ័ស និងបានគ្រប់គ្នា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងផ្សារដែរថា អាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំផ្សាដែលបានចេញរួចហើយ អោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះចែកជូន អាជីវករតាមផ្សារនិមួយៗបន្ថែមទៀត។ សម្តេចតេជោ បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេៈត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាព មន្ត្រីត្រូវគិតថាខ្លួនជាអ្នក បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការដើម្បីប្រមូលពន្ធ ដើម្បីជំរុញការ ប្រមូលពន្ឋអោយមានប្រសិទ្ឋិភាព ដើម្បីពង្រឹងចំណូលថវិកាជាតិដោយយកចិត្តទុកដាក់។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធភាព។ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងកម្ពុជា និងថៃ ត្រូវចេះសហការគ្នាសម្រួលនៅតាមតំបន់ព្រំដែន ដើម្បីការពារនូវបទល្មើសផ្សេងៗ ជាពិសេសត្រូវខិតខំបង្កើនទំនាក់ទំនងអោយបានល្អជាមួយវៀតណាម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការនាំចេញ នាំចូលនូវផលិតផលអោយគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែនក៏បានអរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះខាតទឹកកន្លងមក ព្រមទាំងកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នា អភិវឌ្ឍន៌ខេត្តមណ្ឌលគិរីអោយកាន់តែរីកលូតលាស់ទៅមុខ។ សម្តេចតេជោ បានលើកឡើងផងដែរអំពីកំណើសេដ្ឋកិច្ចកម្ពុជា៧% មានលំនឹងដោយសារយើងមានស្ថេរភាពនយោបាយល្អ និងមានដៃគូវិនិយោគទុនជាតិនិងអន្តរជាតិច្រើនដែលមានទំនុកចិត្តលើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ កិច្ចការទាំង ឡាយដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ៕
ដោយ៖ សុខ ខេមរា