ភ្នំពេញ៖ នារីម្នាក់មានជម្លោះជាមួយប្ដីដោយចោទថាប្ដីមានស្រីសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះម៉ែន ម៉ារ៉ា អាយុ២៤ឆ្នាំ មានមុខរបធ្វើការរោងចក្រ មានស្រុកកំណើតនៅភូមិដំបូកកោះ ឃុំស្វាយជ្រុំ ស្រុកលលាប្អៀរ ខេត្តកំពុងឆ្នាំង ចំណែកប្ដីមានឈ្មោះយ៉ែម ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅភូមិព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល ទើបតែមានកូនស្រីម្នាក់អាយុ២ឆ្នាំ។
បើតាមសម្ដីបុរសប្ដីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានទំនាស់ពាក្យសម្ដីបន្តិចបន្តួចជាមួយប្រពន្ធ ដោយប្រពន្ធរបស់គាត់ចោទថារូបគាត់មានស្រី ហើយគាត់ក៏បានដើរចេញពីបន្ទប់ជួលទៅផឹកស្រាបាត់ទៅមួយសន្ទុះក្រោយមកគាត់បានត្រលប់មកបន្ទប់ជួលវិញបានដេកលង់លក់បាត់ខណៈពេលដឹងខ្លួនងើបឡើងរកប្រពន្ធក៏ឃើញប្រពន្ធរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុភ្លាមៗបានទាក់ទងហៅជំនាញមកធ្វើកោសល្យវិច័យ ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន រួចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...