ខេត្តសៀមរាប៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ វេលាម៉ោង១០:៥០នាទីមានករណីភ្លើងឆេះផ្ទះ ហើយបានរលត់វិញវេលាម៉ោង១០:១១នាទី។ ករណីអគ្គិភ័យឆេះផ្ទះអស់ចំនួន១ខ្នង ដែលជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ជូ ពុន ភេទ ប្រុស អាយុ៥៧ឆ្នាំ មុខរបរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាបបណ្តាលឲ្យរងខូចខាតផ្ទះអស់ចំនួន១ខ្នង។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ផ្ទះដែលរងការឆាប ឆេះនេះជា ប្រភេទឈើលើ បន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង ទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ តសំយ៉ាបឈើប្រក់ក្បឿង (ផ្ទះចាស់កំពុងជួសជុលថ្មីមិនទាន់រួច រាល់) ឆេះផ្នែកខាងលើទាំងស្រុង និងខូចខាតទ្រព្យ សម្បត្តិរួមមានសម្ភារៈសាងសង់ផ្ទះ សរុបជាប្រាក់ចំនួនប្រហែល ៥០០០០(ប្រាំម៉ឺន)ដុល្លារ និងពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង អស់ទឹកចំនួន០៤ឡាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង អស់ទឹកចំនួន ២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្នាននគរបាលស្រុកពួកចំនួន ១គ្រឿង អស់ទឹកចំនួន២ ឡាន ។
លោក វរសេនីយ៍ឯក ទេព ពុំសែន បញ្ជាក់ថា មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅផ្នែកខាងលើនៃផ្ទះ ៕










